ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពនឹងនរ កុំឲ្យចាញ់កលល្បិចញុះញុងជំរុញឲ្យប្រជាជនសម្រុកដណ្តើមវ៉ាក់សាំង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារបន្ទាន់មួយនៅរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពនឹងនរលើការចាក់វ៉ាក់សាំង ដោយមិនត្រូវនាំគ្នាទៅដណ្តើមវ៉ាក់សាំងនាំឱ្យប៉ះពាល់ដល់ផែនការមេនៃការចាក់វ៉ាក់សាំងនោះឡើយ ហើយរាជរដ្ឋាភិបាលនឹងប្រឹងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទៅតាមផែនការ និងលំដាប់លំដោយ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រុមឧទ្ទាមក្រៅច្បាប់ ដែលធ្លាប់តែអំពាវនាវឱ្យពលរដ្ឋកុំទៅចាក់វ៉ាក់សាំងរបស់ចិននោះ បែរជាអំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងចិនវិញ។

សម្តេចតេជោ ហ៊ុន សែន ហៅការអំពាវនាវនេះ មិនមែនជាបំណងល្អរបស់ពួកគេនោះទេ គឺជាផែនការពិសពុលរបស់ពួកគេក្នុងការជំរុញឱ្យប្រជាពលរដ្ឋទៅដណ្តើមវ៉ាក់សាំង ខណៈដែលមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់។

សម្តេចតេជោ បានថ្លែងបញ្ជាក់ដូច្នេះ «គោលបំណងរបស់វាឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដក្នុងចិត្តទេ។ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្តើមវ៉ាក់សាំង ក្នុងពេលវ៉ាក់សាំងរបស់យើងមានមិនគ្រប់។ យើងដឹងហើយថា យើងត្រូវការចាក់ប្រជាជនចំនួន ១០លាននាក់យ៉ាងតិច ដែលត្រូវការ ២០លានដូស។ គ្រាន់តែការចាក់កុំថាឡើយការផ្គត់ផ្គង់វ៉ាក់សាំង សូម្បីតែសមត្ថភាពចាក់វ៉ាក់សាំង ក្នុងមួយខែយើងបានត្រឹមតែ១លានដូសប៉ុណ្ណោះ ដូច្នេះយើងត្រូវការជិត២០ខែ ទើបអាចចាក់អស់ចំនួនវ៉ាក់សាំង បើសិនយើងមានគ្រប់១លានដូស។ ប៉ុន្តែវាបែរជាជំរុញប្រជាជន មិនមែនជាបំណងល្អរបស់វាទេ តែទិសដៅរបស់វាមានទិសដៅផ្សេង ត្រង់ថា ជំរុញប្រជាជនឱ្យទទួលវ៉ាក់សាំង ក្នុងពេលតែមួយ ដែលជាចំណុចដ៏អាក្រក់នៃពូជក្បត់ជាតិមួយនេះ»។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១១ ខែមេសា រាជរដ្ឋាភិបាលកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ១លាននាក់ហើយ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកា ៥លានរៀលសម្រាប់ជនទី១លានផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *