ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅស្រុកស្ទោង Thu/១៧/Dec/២០២០


(ខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាសម្ដេចតេជោ រួមទាំងគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន៤០នាក់ ដែលធ្លាប់បានប៉ះពាល់ផ្ទាល់ និងប្រយោលអ្នកវិជ្ជមានកូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពេលដែលចេញលទ្ធផលនៃមេរោគកូវីដ-១៩ អវិជ្ជមានទាំងអស់ ស្ថិតនៅ​ភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បានបញ្ចប់ធ្វើចត្តាឡីស័កនៅផ្ទះ និងនៅ​មណ្ឌល​ចត្តាឡីស័កស្រុក គឺទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ លើកឡើងថា ខេត្តកំពង់ធំមកដល់ពេលនេះ មិនមាន​សញ្ញាវិជ្ជមានលើបងប្អូនណាម្នាក់ឆ្លងនូវជំងឺកូវីដ-១៩នោះទេ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបាន​ធ្វើ​ចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុកនៅពេលនេះ គឺទទួលបានលទ្ធផលនៃមេរោគកូវីដ-១៩​អវិជ្ជមាន​ទាំងអស់ ហើយបងប្អូនអាចវិលត្រឡប់ទៅផ្ទះ និងប្រកបមុខរបរទទួលទានបន្តទៀតបានហើយ ប៉ុន្តែ​កុំភ្លេចរក្សាអនាម័យ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម បានបន្ថែមទៀតថា សូម​បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយមិនត្រូវមានការរើសអើងចំពោះបងប្អូនដែលចេញពីមណ្ឌលចត្តាឡីស័ក​នោះទេ ហើយជាពិសេស សូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យ និងបាន​ប៉ះពាល់ផ្ទាល់ ឬប្រយោលត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងសូមស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅ​ក្នុងស្រុកស្ទោង ​ក៏ដូចជា​ប្រជា​ពលរដ្ឋ​នៅទូទាំងប្រទេសទាំងអស់សូមអោយជៀសផុតពីជំងឺកូវីដ-១៩ផងដែរ។ ឯកឧត្តម បន្ថែមទៀតថា បច្ចុប្បន្ន​នេះ វ៉ាក់សាំងកូវីដ-១៩ ត្រូវបានគេរកឃើញ ហើយសម្ដេចតេជោនិងទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកមកចាក់ជូនបងប្អូនប្រជាពរដ្ឋដោយមិនគិតថ្លៃ។ ហើយ​សម្តេច​មិនយកប្រជាពលរដ្ឋកម្ពុជាទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។ ឯកឧត្តម បានស្នើ​ដល់​អាជ្ញាធរស្រុក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះ​បងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាស់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់។

ចុងក្រោយឯកឧត្តម សុខ លូ បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ចូលរួម​ការ​ប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា​ជាដើម។

គួរជម្រាបថា ថវិកាសម្ដេចតេជោ និងគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋ​ដែលបាន​ធ្វើ​ចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក ពេលទទួលលទ្ធផលនៃមេរោគកូវីដ-១៩ អវិជ្ជមាន​ទាំងអស់ នាពេលនេះរួមមាន៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ថ្នាំពេទ្យ ម៉ាស អាកុល និងថវិកា៥ម៉ឺន ចំពោះអ្នកដែលមានប័ណក្រីក្រទទួលបានថវិកាបន្ថែមចំនួន ៣0ម៉ឺនរៀលថែមទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *