ព័ត៌មានជាតិ

ក្រសួងកសិកម្ម÷លទ្ធផលនៃការនាំស្រូវ និងអង្ករចេញរបស់កម្ពុជា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១

(ភ្នំពេញ) នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះ លទ្ធផលនៃការនាំចេញស្រូវ និងអង្ករ ទៅក្រៅប្រទេសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានដូចខាងក្រោម៖

១-លទ្ធផលនៃការនាំចេញស្រូវ
ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប ១ ៨៧៣ ៧៧៩តោន កើនឡើងចំនួន ៩៩៨ ២៩៧តោន ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានតែចំនួន ៨៧៥ ៤៨២តោនតែប៉ុណ្ណោះ ដែលក្នុងនេះការនាំចេញផ្លូវការមានចំនួន ៦៥៨ ៣៥០តោន កើនឡើងចំនួន ៦៣២ ២៥០តោន (ការនាំចេញស្រូវផ្លូវការឆ្នាំ២០២០ មានចំនួន ២៦ ១០០តោន) និងការនាំចេញស្រូវក្រៅផ្លូវការមានចំនួន ១ ២១៥ ៤២៩តោន កើនឡើងចំនួន ៣៦៦ ០៤៧តោនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

២- លទ្ធផលនៃការនាំចេញអង្ករ
បរិមាណអង្ករនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១ មានចំនួន ១៥៣ ៦៨៨តោន មានការថយចុះចំនួន ៧៧ ២៦០តោន (-៣៣,៤៥%) តិចជាងបរិមាណនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០ ៩៤៨តោន។ បើប្រៀបធៀបការនាំចេញអង្ករក្នុងខែមីនាដូចគ្នាឃើញថា នៅឆ្នាំ២០២១ មានចំនួន ៧៧ ៤៦៦តោន មានការថយចុះចំនួន ១៦ ៩៨៣តោន (-១៧,៩៨%) តិចជាងបរិមាណនាំចេញក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩៤ ៤៤៩តោន ។
អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១០៧ ៣៣៩តោន ស្មើនឹង ៦៩,៨៤% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៤៣ ៧៧៧តោន ស្មើនឹង ២៨,៤៩% និងអង្ករចំហុយមានចំនួន ២ ៥៧២តោន ស្មើនឹង ១,៦៧%។ ក្នុងចំណោមអង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល/ផ្កាម្លិះមានចំនួន ៥៧ ៧១៤តោន ស្មើនឹង ៣៧,៥៥% (សូមបង្ហាញជូនក្នុងតារាងទី២នៃឧបសម្ព័ន្ធ)។
ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន បាននាំអង្ករចេញទៅកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨៥ ៣៧០តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១៦ ០៦៦តោន ប្រទេស ម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១០ ៧៩៦តោន ប្រទេសហ្គាបុងឈរលំដាប់ទី៤ មានចំនួន ៩ ០៥២តោន ប្រទេសណេដឺឡែនឈរលំដាប់ទី៥ មានចំនួន ៤ ៤៦៧តោន ប្រទេសអូស្ត្រាលីឈរលំដាប់ទី៦ មានចំនួន ៣ ០៣៤តោន ចក្រភពអង់គ្លេសឈរលំដាប់ទី៧ មានចំនួន ២ ៩៩៧តោន ប្រទេសអេស្ប៉ាញឈរលំដាប់ទី៨ មានចំនួន ២ ៦៩០តោន ប្រទេសអាល្លឺម៉ង់ឈរលំដាប់ទី៩ មានចំនួន ២ ២២៥តោន និង ប្រទេសបែលហ្ស៊ិកឈរលំដាប់ទី១០ មានចំនួន ២ ០៨៧តោន។ បរិមាណអង្ករដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពអឺរ៉ុបចំនួន ១៩ប្រទេស មានបរិមាណសរុបចំនួន ៣៥ ៤៤២តោន (២៣,០៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៨៥ ៣៧០តោន (៥៥,៥៥%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ១១ ៦៥៨តោន (៧,៥៩%) និងទិសដៅដទៃទៀតចំនួន១៨ប្រទេស មានបរិមាណសរុប ២១ ២១៨តោន (១៣,៨%) ។

adm

Leave a Reply

Your email address will not be published. Required fields are marked *