ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១.៥លានដូសនឹងមកដល់ប្រទេសកម្ពុជានៅព្រឹកនេះ

ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១.៥លានដូសនឹងមកដល់ប្រទេសកម្ពុជានៅព្រឹថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងនេះ ខណៈភាគីចិនតំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញប្រគល់វ៉ាក់សាំង។ ពិធីទទួល និងប្រគល់ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

បច្ចុប្បន្នកម្ពុជាកំពុងធ្វើសកម្មភាពយ៉ាងស្វិតស្វាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍ដែលឱ្យឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

មកដល់ពេលបច្ចុប្បន្នកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោកផងដែរ ក្រៅតែពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយប្រើវិធានសុខាភិបាលទប់ស្កាត់កុំឱ្យឆ្លងហើយនោះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ គឺជាក្តីសង្ឃឹមមួយសម្រាប់ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ ដំណើការសង្គម និងសេដ្ឋកិច្ច អាចមានភាពល្អប្រសើរឡើងវិញ។

កម្ពុជា ក៏ដូចជាប្រទេសលើពិភពលោកដែរ គឺបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន២លើករួចមកហើយ ស្មើនឹង ៩២ម៉ឺន៤ពាន់ដូស។ ក្នុងនោះ៦០ម៉ឺនដូស ជាវ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន និង ៣២ម៉ឺន ៤ពាន់ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

 

តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជាកំពុងធ្វើសកម្មភាពយ៉ាងសកម្មចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាមុខសញ្ញាបានកំណត់។ គិតត្រឹមថ្ងៃទី២៤ ខែមីនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបជាង ៣៤ម៉ឺននាក់ហើយ។

កម្ពុជាមានគម្រោងចាក់ប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់។ ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់។

តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជានាពេលខាងមុខនេះ។ តាមរយៈវត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ គេរំពឹងថា នឹងធ្វើឱ្យពលរដ្ឋកម្ពុជាទទួលវ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ បន្ថែមមួយកម្រិតទៀត ហើយក៏រំពឹងថា នឹងរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

adm

Leave a Reply

Your email address will not be published. Required fields are marked *