ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវគិតគូរបន្ទាន់ ចំពោះការរៀបចំពិធីបុណ្យនានាដែលមិនចាំបាច់ត្រូវផ្អាកបណ្ដោះអាសន្ន លើកលែងតែពិធីបុណ្យសព្វនិង7ថ្ងៃ!

អភិបាលខេត្តកំពង់ធំ ដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ចាត់ចែងបន្ទាន់ ចំពោះការរៀបចំពិធីបុណ្យនានាដែលមិនចាំបាច់ត្រូវផ្អាកបណ្ដោះអាសន្ន លើកលែងតែពិធីបុណ្យចាំបាច់

(កំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនា ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ ដោយណែនាំដល់សាធារណជន ដែលមានបំណង ចង់រៀបចំពិធីបុណ្យនានាដែលមិនចាំបាច់ ដូចជាបុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យទក្ខិណានុប្បទាន ជាដើម សូមផ្អាកបណ្ដោះអាសន្ន លើកលែងចំពោះ
ពិធីបុណ្យចាំបាច់ដូចជា បុណ្យសព បុណ្យគំរប់ខួប ៧ថ្ងៃ ១០០ថ្ងៃ ពិធីរៀបអាពាហ៍ពិពាហ៍ ដាច់ខាតត្រូវតែណែនាំដល់ម្ចាស់កម្មវិធី ធ្វើយ៉ាងម៉េចត្រូវកាត់បន្ថយអ្នកចូលរួម ក្នុងមួយតុគឺមានអ្នកចូលរួមតែ ៥នាក់ប៉ុណ្ណោះ ហើយអ្នកចូលរួមទាំងអស់ ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពចាប់ពី មួយម៉ែត្រកន្លះឡើងទៅ ត្រូវមានទឹកអាកុលឬជែលសម្រាប់លាងដៃជានិច្ច។

ការលើកឡើងនេះ ត្រូវបានឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងនៅក្នុងពិធី ចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេស នៅមណ្ឌលចត្តាឡីស័ក ស្រុកប្រាសាទបល័្លង្ក និងស្រុកប្រាសាទសំបូរ សរុបប្រមាណជាង ១៣៤នាក់ នាថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឲ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លង ជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការការពារ កូវីត ១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។ ម្យ៉ាងវិញទៀត មិនត្រូវមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន ចាក់ធុងបាសរាំលេងកំសាន្ត ជាដើម។

adm

Leave a Reply

Your email address will not be published. Required fields are marked *