ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល÷ផ្ដល់អង្ករ ៣៧តោន និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងសម្ភារប្រើប្រាស់ ជូនដល់អភិបាលក្រុង-ស្រុក ទាំង១១ ក្នុងខេត្តកណ្តាល


(ខេត្តកណ្ដាល)៖ ដើម្បីចូលរួមជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ក្រ១ ក្រ២ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភនូវ អង្ករចំនួន ៣៧ តោន ត្រីខ ២៥០យួរ មី ៤០០ កេស ទឹកស៊ីអ៊ីវ ៤៧០ យួរ និងភួយចំនួន ៤៧០ សម្រាប់ ដល់អភិបាលក្រុង-ស្រុក ទាំង១១ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ២០ កុម្ភៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

មានប្រសាសន៍ក្នុងឱកាសផ្តល់ អង្ករ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា បើទោះជាគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ទាំងអស់នេះ មិនអាចជួយបានទាំងស្រុងដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រ១ ក្រ២ តែអាចជួយសម្រួល និងកាត់បន្ថយបានមួយរយៈពេលផងដែរ។ហើយការជួយឧបត្ថម្ភទាំងនេះ មិនត្រឹមតែមានតែលើកនេះទេ និងនៅមានបន្តតាមដំណាក់កាល ដំណាក់កាលផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏បានស្នើឱ្យ អភិបាលក្រុង-ស្រុកទាំង១១ ត្រូវតែបន្តស្វែងរកអ្នកដែលពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដើម្បីអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាល។ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្តកណ្តាល ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល សូមចូលខ្លួនមកធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ សាច់ញាតិនិងខ្លួនឯងផ្ទាល់។ហើយក្នុងរយៈពេលធ្វើចត្តាឡីស័កនេះដែរ អាជ្ញាធរខេត្ត គឺទទួលរ៉ាប់រងទាំងអស់ ទាំងកន្លែងស្នាក់នៅ អាហារ ៣ពេល នឹងឧបត្ថម្ភថវិកា ២ម៉ឺនរៀល ក្នុងមួយថ្ងៃផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏បានបញ្ជាក់បន្ថែមផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ទូទាំងខេត្តកណ្ដាល មានអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ហើយដែលកំពុងធ្វើចត្តាឡីស័កនៅតាមក្រុង-ស្រុកទាំងអស់ មានចំនួន៧០៩នាក់ ស្រីចំនួន៤៧១នាក់ ហើយតួលេខនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។

បន្ទាប់ពីប្រគល់ អង្ករ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅមន្ទីរពេទ្យជ័យជំនះ ដើម្បីត្រៀមដាក់ប្រជាពលរដ្ឋដែលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *