លោកឃួន ជឿនមេបញ្ជាការវរការពារព្រំដែនលេខ៥០៣គឺជាអ្នកឃុបឃិតបើកដៃឲមន្ត្រីយោធាក្រោមឱវាទរបស់ខ្លួនធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនិងផលប្រយោជផ្ទាល់ខ្លួន​ Mon/24/June/2019/ដោយ/សហការី

ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ក្បែរ​នោះ​កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ​សម្រុក​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ព្រោះ​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង​ទាំងនោះ​គិតតែ​ពី​រឿង​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​យោធា​ក្រោម​ឱវាទ​របស់ខ្លួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ទន្ទឹមនឹងនេះ​តាន​បណ្ដាញ​ច្រករបៀង​ជាប់​ព្រំដែន​ខ្មែរ​-​សៀម ក្នុងស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ក៏​ឈ្មួញ​អាច​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ រថយន្ត​ចង្កូត​ស្ដាំ និង​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​ដែរ​។

ប្រភពពី​មន្ត្រី​យោធា​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៥០៣ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក ឃួន ជឿន ទេនោះ​គឺ​មន្ត្រី​យោធា​ប្រចាំ​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ក្បែរ​នោះ​មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប្រភព​បានបញ្ជាក់​ច្បាស់​ថា ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឃួន ជឿន ទើប​មន្ត្រី​យោធា​ឈរជើង​តាម​ច្រករបៀង​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ពួកគេ​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ពី​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាងគំហុក​។ សូម្បីតែ​ជ្រូក​មាន់​ទា គោក្របី ក៏​ឈ្មួញ​អាច​នាំចូល​តាម​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ដែលមាន​លោក ឃួន ជឿន ជា​មេបញ្ជាការ​នោះដែរ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឃួន ជឿន បាន​ឲ្យ​ដឹងថា ការដែល​លោក ឃួន ជឿន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ម៉ូតូ​ទំនើបៗ​គេចពន្ធ​និង​រថយន្ត​ចង្កូត​ស្ដាំ​ជាដើម គឺ​ដោយសារ​អាង​មាន​មេបញ្ជាការ​យោធា​យោធភូមិភាគ​៥ ជា​បង្អែក​ដ៏​រឹងមាំ​។ សូម្បីតែ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​ច្រករបៀង​ច្រើន​កន្លែង​គ្រប់គ្រង​ដោយ​អង្គភាព​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ កើតមាន​បទល្មើស​ឆ្លងដែន​យ៉ាង​ពេញបន្ទុក​។ សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រ​ដែន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​តាម​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ក្បែរ​នោះ​កំពុង​កើតមាន​បទល្មើស​ឆ្លងដែន​ច្រើនជាង​មុន​ទៅទៀត ហើយក៏​មានការ​ឃុបឃិត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម​ទៀតផង​៕