ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដាដឹកនាំអនុសាខាកាកបាទក្រហមក្រុងនិងនាំអំណោយមនុស្សធ៌មចែកជូនគ្រួសារខ្វះខាត៩៨គ្រួសារនៅក្រុងកំពង់ចាម


(កំពង់ចាម) នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅបរិវេណវត្តខេមវន្ត (វត្តបឹងស្នាយ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីសមាជិក សមាជិកា គណៈកម្មាធិការសាខា លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងថ្នាក់ដឹកនាំអនុសាខា ក្រុង បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនងាយរងគ្រោះមានជីវភាពខ្វះខាត ក្នុងអំឡុងពេលការឆ្លងរីករាលដាលនៃវីរុសកូវីដ ១៩ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំនួន ៩៨គ្រួសារ (មកពី ភូមិបឹងបាសាក់ ៤៥គ្រួសារ, ភូមិកំពង់រលីង ១៥គ្រួសារ និងភូមិតាណេង ៣៨គ្រួសារ) ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនទាំងអស់ ដោយក្តីនឹករលឹកបំផុត ដែលជានិច្ចកាល សម្ដេចប្រធាន តែងតែបារម្ភគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ឬ និន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់អំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក ជនរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការប្រុងប្រយ័ត្នអោយកាន់តែខ្ពស់ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩ តាមរយៈ នៃការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ដោយផ្តើមពីយើងម្នាក់ ៗ ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ,បរិភោគអាហារដែលចម្អិនឆ្អិនល្អ ជាពីសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នូវ យុទ្ធសាស្ត្រ “៣ការពារ និង ៣កុំ” រួមមួយវិធានការនានា តាមសារអប់រំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ កុំអោយជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ ឆ្លងចូល ក្នុងសហគមន៍របស់យើង។

គួរបញ្ជាក់ថា៖ អំណោយមនុស្សធម៌ ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៩៨ គ្រួសារ ,ក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥ គ.ក្រ, ទឹកត្រី ១យួរ,មីយើង ១កេស,ទឹកស៊ីអ៊ីវ ១យួរ,ត្រីខ ១០ កំប៉ុង, ឃីត ១កញ្ចប់,អាវយឺត ២ និងថវិកា ២០,០០០ រៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *