ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញចុះពិនិត្យ សកម្មភាពស្រង់គ្រាប់មិនទាន់ផ្ទុះ ពីទន្លេមេគង្គ នៅស្រុកស្រីសន្ធរ


(កំពង់ចាម) ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខ កងកម្លាំងបោសសម្អាតគ្រាបេមិនទានផ្ទុះ ក្នុងនាវាចម្បាំងបានលិចក្នុងទន្លេមេគង្គ តាំងពីឆ្នាំ១៩៧២ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការនេះ គ្រាប់មិនទាន់ផ្ទុះជាង៨តោន ជាប្រភេទគ្រាប់AK47, គ្រាប់ត្បាល់៦០មីលីម៉ែត្រ, គ្រាប់ត្បាល់៨១មីលីម៉ែត្រ, គ្រាប់កាំភ្លើងយន្ត១២,៧មីលីម៉ែត្រ សរុបជាង៥០០កេសធំតូច បានស្រង់ពីនាវា ចម្បាំងបានលិចក្នុងសម័យសង្គ្រាមនាឆ្នាំ១៩៧២ នៅបាតទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងដំណើរចុះពិនិត្យសកម្មភាពការងារស្រង់គ្រាប់មិនទាន់ផ្ទុះ ពីបាតទន្លេមេគង្គនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍​ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ កម្លាំងជំនាញកំពុងសម្រុកកាន់តែខ្លាំង ដើម្បីស្រង់គ្រាប់ចេញពីបាតទន្លេ ដែលកប់ក្នុងនាវាច្រើនតោន។
ឯកឧត្តមបន្តថា បើតាមគ្រោងការណ៍ នឹងបញ្ចប់នៅខែឧសភា ឱ្យទាន់មុនរដូវវស្សា ប៉ុន្តែ ស្ថានភាពជាក់ស្តែងក្រុមការងារជំនាញពិបាកសន្និដ្ឋាន ព្រោះទំហំនាវានេះ មានទំហំធំ មិនអាចប៉ាន់ប្រមាណទម្ងន់គ្រាប់សរុបនៅក្នុងនាវានោះទេ។

ក្រុមការងារប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមផ្ទៃទឹក ឱ្យដឹងថា ជុំវិញទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ១,៥០០ម៉ែត្រ នៅតាមបណ្តោយទន្លេប្រមាណ១៥០ហិកតា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *