ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បើកកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាល និងជួយសម្របសម្រួលរៀបចំសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ (ក្រុង- ស្រុក)ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់


(ខេត្តព្រៃវៃង) ថ្ងៃពុធទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម​ ជា​ សុមេធី​ អភិបាល​ នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជេីញ​ចូលរួមកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលនិងបានជួយសម្របសម្រួលរៀបចំសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ (ក្រុង-ស្រុក) ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ A នៃសាលាខេត្តព្រៃវែង។
កម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត អភិបាល(រង)ក្រុង ទទួលបន្ទុកការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ អភិបាល(រង)ស្រុក ទទួលបន្ទុកការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងមន្ទីរអង្គភាពពាក់ព័ន្ធនានា។

ក្នុងឱកាសនេះ ឯកឧត្តម​ អភិបាល​ខេត្ត​ សូមសំដែងការស្វាគមន៍ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូអមដំណើរ ដែលបានអញ្ជើញចូលរួមសិក្ខាសាលានៅលើទឹកដីនៃខេត្តព្រៃវែងយើងខ្ញុំ។
សូមបញ្ជាក់ថា សិក្ខាសាលានេះគឺក្នុងគោលបំណងផ្តល់ការគាំទ្របច្ចេកទេស គោលការណ៍ណែនាំ ការធ្វើបទអន្តរាគមន៍ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ជាពិសេស លើការគាំទ្រ និងអភិវឌ្ឍសមត្ថភាព តាមតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់ការចូលរួមអនុវត្តមុខងារគ្រប់គ្រងបរិស្ថាននៅថ្នាក់ក្រោមជាតិ ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹងសំរាមទីប្រជុំជន និងការអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នាដែរ កម្មវិធីនេះ ក៍បានផ្តោតលើកគោលដៅពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានផ្ទេរមុខងារសំខាន់ៗចំនួន៥ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការងារគាំពារបរិស្ថាន ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន និងការងារអភិវឌ្ឍន៍ដោយចីរភាព។

សារជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាល​ខេត្ត​​ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែងទាំងមូល​ សូមគោរពជូនពរ​ ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូអមដំណើរ ព្រមទាំងសហការី សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីជួយរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិ ជាពិសេសក្នុងខេត្តព្រៃវែងផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *