ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារទទួលទូរស័ព្ទបន្ទាន់ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយក្រុមការងារកម្លាំងចម្រុះ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីផ្សព្វផ្សាយស្វែងរក ករណីបាត់ក្មេងវង្វេងគ្នា យ៉ាងសស្រាក់សស្រាំ!

ភ្នំពេញ÷ប្រព័ន្ធទូរស័ព្ទអត់គិតប្រាក់២៤ម៉ោង លេខ១២៩១ ដែលអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ដំណើរការ ក្នុងការជួយសម្រួលនិងដោះស្រាយនូវកង្វល់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលានិងមានប្រសិទ្ធិភាពក្នុងរយៈកាលកន្លងមក ដូចជា ករណីហិង្សាក្នុងគ្រួសារ ការផឹកស៊ីឡូឡារំខានអ្នកជិតខាងក្នុងពេលរាត្រី ការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ចោរកម្ម ក្មេងទំនើង…។ល។ ដែលឧស្សាហ៍កើតមានឡើង ហើយពលរដ្ឋមិនដឹងថានឹងទៅប្តឹងសមត្ថកិច្ចខាងណា និងគិតថាពុំមានអ្នកណាអាចជួយដោះស្រាយឲ្យគាត់បានស្ងប់ចិត្ត ត្បិតយល់ថាជារឿងតូចតាច តែត្រូវបានដោះស្រាយ ដោយភាពកក់ក្តៅ និងមានទំនុកចិត្ត តាមរយៈទូរស័ព្ទ Hotline ១២៩១នេះ។ ព្រមជាមួយគ្នាផងដែរ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរមកពីតាមបណ្តារាជធានីខេត្ត ទាំង២៥ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត ក្រុមការងារទទួលទូរស័ព្ទបន្ទាន់ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមជាមួយក្រុមការងារកម្លាំងចម្រុះ ដែលការពារតាមបណ្តាគោលដៅ ក្នុងព្រះរាជពិធី ដើម្បីជួយផ្សព្វផ្សាយស្វែងរក ករណីបាត់ក្មេងវង្វេងគ្នា យ៉ាងសស្រាក់សស្រាំ និងទទួលបានប្រសិទ្ធិភាពយ៉ាងឆាប់រហ័សផងដែរ។

ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលបានជួបហេតុការណ៍បន្ទាន់ត្រូវការ ជំនួយអន្តរាគមន៍ សូមហៅទូរស័ព្ទមកកាន់លេខ ១២៩១ ដែលអាចតេបានពីគ្រប់ប្រព័ន្ធដោយឥតគិតប្រាក់ និងមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រងចាំបម្រើ 24h/24h។ ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។

អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខាន ដើម្បីទុកពេលវេលាឲ្យក្រុមការងារ បានបម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។ សូមអរគុណ!។

adm

Leave a Reply

Your email address will not be published. Required fields are marked *