ព័ត៌មានជាតិ

ពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធានគណៈកិត្តិយសសាខា និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥

ព្រៃវែង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានរៀបចំ ពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធានគណៈកិត្តិយសសាខា និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងកាកបាទក្រហមកម្ពុជា ស្នាក់ការកណ្ដាល រួមជាមួយឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម សុខ ផេង ប្រធានស្ដីទីគណៈកម្មាធិការសាខា បានលើកឡើងថា៖ ក្នុងរយៈពេល ៤ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ ខែកញ្ញា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ១,៥៩០គ្រួសារ/នាក់ ស្មើនឹង ៥៤០លើក ក្នុងនោះរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ៩២១ខ្នង ស្មើនឹង ៩២១ គ្រួសារ អគ្គីភ័យ ២១៧គ្រួសារ រន្ទះបាញ់ស្លាប់ ២២នាក់ លង់ទឹកស្លាប់ ៨០នាក់ គ្រោះថ្នាក់ចរាចរណ៍ ៩៨នាក់ ទឹកជំនន់ប៉ះពាល់ ១១គ្រួសារ ស្លាប់ដោយសារជំងឺ១១១នាក់ គ្រោះថ្នាក់ឧប្បទវហេតុ ៤៣នាក់ និងបាក់ច្រាំងទន្លេ៨៧ខ្នងផ្ទះ ស្មើនឹង៨៧គ្រួសារ។

ក្នុងនោះដែរឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ត្រូវបានប្រកាសតែងតាំង ជាប្រធានកិត្តិយស ឯកឧត្ដម ជា សុមេធី ជាអនុប្រធានកិត្តិយស និង ឯកឧត្ដម សួន សុម៉ាលីន ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធានកិត្តិយស ចំនួន៣៤ នាក់បន្ថែមទៀត ដើម្បីបន្តការដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងនេះឲ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងនោះឯកឧត្តម សួន សុម៉ាលីន បានធ្វើការប្ដេជ្ញាចិត្តថា រក្សាខ្ជាប់នូវគោលករណ៏គ្រឹះទាំង ៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។ -រក្សាគុណតម្លៃ តម្លាភាព គណយយ្យភាព ជំនឿទុកចិត្ត ការទទួលស្គាល់ ការត្រៀមខ្លួនជាស្រេច បរិយាប័ន្ន
ប្រសិទ្ធភាព ប្រសិទ្ឋផល និងការប្តេចជ្ញាចិត្ត។

– បន្តប្រតិបត្តិតាមគោលការណ៏ណែនាំរបស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ឲ្យបាន ជោគជ័យ និងមានប្រសិទ្ធភាព។

-បន្តពង្រឹងការរក្សាកិត្តិនាមជាសមាគមជាតិ មានដំណើរការល្អ មានភាពម្ចាស់ការ ជាប្រតិបត្តិករដ៏រឹងមាំ និង បំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
-រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយអាត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ

ការពារ និងលុបបំបាត់ជំងឺឆ្លង មិនឆ្លង ធ្វើអន្តរាគមន៍សុខភាពគ្រាអាសន្ន សុខភាពមនុស្សចាស់ សង្គ្រោះបឋម និង ការលើកកម្ពស់សុខភាព សហគមន៍។
-ក្សាសាមគ្គីភាព ឯកភាពរួមដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងជួរគណ:កម្មាធិការសាខា។
-ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងស្រុក ឲ្យអនុវត្តបានល្អនូវភារកិច្ចស្របតាមយុទ្ធសាស្រ្តកាកបាទក្រហម កម្ពុជា(២០២១-២០៣០) ក្នុងនោះផ្អែកលើវិស័យអាទិភាព ទាំង ៤។
-បង្កើនគំនិតស្មារតីច្នៃប្រឌិត ក្នុងការងារកៀរគរ រកមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើសេវាកម្ម មនុស្សធម៌ជូនសាខា។

-បន្តពង្រឹងសមត្ថភាពក្រុមប្រតិបត្តិសាខា និងក្រុមកាកបាទក្រហមតាមឃុំ/សង្កាត់ អ្នកស្ម័គ្រចិត្តឲ្យបំពេញ ភារកិច្ចមនុស្សធម៌ នៅភូមិសាស្ត្រខ្លួនឲ្យបានល្អប្រសើរទាន់ពេលវេលា និងមានប្រសិទ្ធភាព។

-ប្តេជ្ញាចិត្តបន្តការពង្រីកសមត្ថភាពអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា លើការងារសង្គ្រោះបឋម និងពង្រឹងសកម្មភាពអប់រំសុខភាពក្នុងសហគមន៍ នៅដ្ឋាន ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ជម្រុញ បន្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងជាមួយយុទ្ធសាស្ត្រ ២០២១-២០៣០ និងវិស័យអាទិភាពចំនួន៤ រួមមាន៖
១-ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដោយនាំគ្នាដាំដើមឈើ។

២-ការថែទាំសុខភាពក្នុងសហគមន៍ ដែលរួមមាន ការងារឥស្សរជនឆ្នើម ជាសកម្មភាពទៀងទាត់ ដូចភ្លៀងរលឹម ព្រមជាមួយនឹងការថែទាំសុខភាពបឋម ការសង្គ្រោះបឋម រួមទាំងការពារការរីករាលដាល នៃជំងឺឆ្លងបង្កដោយមេរោគទាំងឡាយទាំងពួង។

៣-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌។

៤-ការអភិវឌ្ឍស្ថាប័នគឺការពង្រឹង ពង្រីក និងថែរក្សាបណ្តាញអ្នកស្ម័គ្រចិត្ត និងយុវជន។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារមនុស្សធម៌អស់កម្លាំងកាយចិត្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលបានអនុវត្តកន្លងមក និងបានគាំទ្រចំពោះកិច្ចការងារទាំងអស់ដែលសាខាការបានអនុវត្តកន្លងមកនោះ។

ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ ណែនាំដល់ប្រធានគណៈកម្មការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលបានប្រកាសតែងតាំងថ្មីនេះ ត្រូវជម្រុញ និងខិតខំអនុវត្តបន្តចំពោះការងារមនុស្សធម៌នេះ ធ្វើយ៉ាងណាដើម្បីចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលដែលគាត់ជួបនូវគ្រោះអន្តរាយគ្រោះធម្មជាតិផ្សេងៗបានទាន់ពេលវេលា និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *