ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ស៊ីវ ប៊ន់ ដែលត្រូវជាម្តាយរបស់ លោក ឌុច គន្ធា អភិបាលរងព្រៃវែង

ព្រៃវែង៖ នៅរសៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣  ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តព្រៃវែង ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ស៊ីវ ប៊ន់ ត្រូវជាម្ដាយបង្កើតរបស់ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ។

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថាតាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង ពិតជាមានក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តដ៏ក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាព ឧបាសិកា ស៊ីវ ប៊ន់ កាលពីវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

ដំណឹងដ៏រន្ធត់ក្ដុកក្ដួលក្រៀមក្រំជាទីបំផុតនេះ ឯកឧត្ដម អភិបាលខេត្ត សូមចូលរួមរំលែកទុក្ខដ៏សង្វេគសោកស្តាយ អាឡោះ អាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដែលមរណភាព ឧបាសិកា ស៊ីវ ប៊ន់ ជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទូត និងបងប្អូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់ លោក អភិបាលរងខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលឧបាសិកា ស៊ីវ ប៊ន់ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្តល់ នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្តីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗចៅៗ ឱ្យបានក្លាយជា បញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងយ៉ាងក្រៃលែងនេះ   ឯកឧត្តម អភិបាលខេត្ត សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយ ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិកា ស៊ីវ ប៊ន់ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *