ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែងបាន រៀបចំពិធី ទិវាដើរពិភពលោក

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្ត្តព្រៃវែង និងជាប្រធានគណៈកម្មការរៀបចំទិវាដើរពិភពលោកនៅកម្ពុជា បានអញ្ជើញជាអធិបតី “ទិវាដើរពិភពលោក” Walk for life in the world (24 hours)​ នៅវេលាម៉ោង១០:០០នាទីព្រឹក ចម្ងាយ ១.៥០០ម៉ែត្រ ដែលកំណត់ដោយ TAFISA។

ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្តព្រៃវែង ជាខេត្តដំបូងគេ ដែលត្រូវបានគណៈកម្មការរៀបចំទិវាដើរពិភពលោកនៅកម្ពុជា ជ្រើសរើសសម្រាប់រៀបចំព្រឹត្តិការណ៍ នៅប្រទេសកម្ពុជា។ ដោយបានសហការជាមួយអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ ” ទិវា ដើរពិភពលោក ” ក្នុងគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងលើកទឹកចិត្តដល់ប្រជាជន ក្នុងការគាំទ្រ ចូលរួមសកម្មភាពកីឡាសម្រាប់ទាំងអស់គ្នា និងលេងកីឡាដើម្បីសុខភាព ក្លាយជាធនធានប្រកបដោយ សក្ដានុពល ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាលឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍លើកឡើងថា ទិវា ដើរពិភពលោក នេះគឺជាការបង្ហាញនូវក្តីស្រឡាញ់ រាប់អាន គ្នាទៅវិញទៅមកនិងជួយបង្កើននៅសុខភាព ដល់បងប្អូនជាពលរដ្ឋមានសុខភាពល្អ ដោយការលេងកីឡាក៏ដូចជា ការហាត់ប្រាមផ្សេងៗផងដែរ។ កម្មវិធីទិវាដើរលើពិភពលោកនេះ ចង់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួម ស្រឡាញ់ លេងកីឡាឲ្យបានគ្រប់ៗគ្នាដើម្បី ជៀសឲ្យឆ្ងាយពីគ្រឿងញៀនដែលជាបញ្ហាដ៏លំបាក និងប្រឈមសម្រាប់ប្រទេសកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តម អភិបាលខេត្ត សូមលើកទឹកចិត្តដល់បងប្អូនយុវជននាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីបាននូវសុខភាពមាំមួនផង និងជួយឲ្យវិស័យកីឡានៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *