ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍រាល់កម្មវិធីវិនិយោគ និងគម្រោងអភិវឌ្ឍន៍ដែលផ្តល់ប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករឱ្យមានភាពប្រសើរឡើង និងដើម្បីកម្ពុជាសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ការងារមន្ទីរពិសោធន៍ជាតិគឺជាផ្នែកចាំបាច់មួយក្នុងការត្រួតពិនិត្យផលិតផលកសិកម្ម ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងនូវជំងឺឆ្លងផ្សេងៗ។ វាមានសារសំខាន់ និងជាជំហានដែលត្រូវចាប់ផ្តើម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ អគារពិសោធន៍ ដែលតម្រូវឱ្យមានការគៀងគរលទ្ធភាព ដើម្បីសម្រេចការងារនេះ ហើយក្រសួងស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ដែលចង់ចូលរួមលើការកសាងអគារនេះ។

ចំពោះគម្រោង One Health ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការពិនិត្យនិងយកចិត្តទុកដាក់លើច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំនានាឱ្យបានច្បាស់លាស់ ត្រូវមានភាពម្ចាស់ការ ព្រមទាំងសិក្សាពីតម្រូវការក្រុមគោលដៅ ដើម្បីប្រើប្រាស់ថវិកាឱ្យចំទិសដៅ មានប្រសិទ្ធភាពការងារ និងផ្ដល់ផលប្រយោជន៍ពិតដល់កសិករ បង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

ក្នុងកិច្ចពិភាក្សានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការចូលរួម និងសហការគ្នាល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីការងារសម្រេចបានជោគជ័យល្អប្រសើរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *