ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ជាផ្លូវការ ជំនួសឯកឧត្តម ជា សុមេធី

ព្រៃវែង៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី
ប្រកាសឯកឧត្តម សួន សុម៉ាលីន ចូលកាន់មុខតំណែងជាអភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ជាផ្លូវការ ជំនួសឯកឧត្តម ជា សុមេធី ដែលត្រូវបានទទួលមុខតំណែងជា រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្តាំផ្ញើរដល់  ឯកឧត្តមអភិបាលខេត្តថ្មី និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះឯកឧត្តម  អភិសន្តិបណ្ឌិត ក៏បានលើកឡើងពីចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមមគ្គទេស របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់បាវចនា៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ទន្ទឹមនឹងគោលដៅយុទ្ធសាស្រ្ត៥គឺការធានាឲ្យបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឲ្យបានកាន់តែច្រើន, ការសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយគឺការធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ឯកឧត្ដម អភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យឯកឧត្តមអភិបាលខេត្តព្រៃវែងថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវបញ្ហាដែលកើតមានឱ្យបានលឿន ដោយយកកត្តាឈ្នះៗទាំងអស់គ្នាជាគោល។

ឯកឧត្តម សួន សុម៉ាលីន ចូលកាន់មុខតំណែងជាអភិបាល នៃគណ:អភិបាលខេត្តព្រៃវែងថ្មី ក៏បានធ្វើការប្តេជ្ញាចិត្ត ដូចតទៅ ៖

១-គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្លួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

២-គោរព និងអនុវត្តតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

៣-ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយនានា និងយុទ្ធស្ត្រចបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យសម្រេចលទ្ធផលជាផ្លែផ្កា ពិសេសការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដូចជា៖ កំណែទម្រង់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ អនុវត្តគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំង ប្រកាន់នូវគោលការណ៍រដ្ឋបាលឯកភាព គណនយ្យភាព ចំពោះរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ ជាតិ និងក្រុមប្រឹក្សាខេត្ត។

៤-សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយក្រសួង ស្ថាប័ន អង្គភាពគ្រប់ថ្នាក់។

.ថែរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។៦-ជំរុញកិច្ចអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យឲ្យមានការរីកចម្រើនប្រកបដោយចីរភាពព ដើម្បីបង្កើនជីវភាពជូន ប្រជាពលរដ្ឋ។

  • ៧-យកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយសំណើរសំណូមពរ បញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូល ដ្ឋានឲ្យបានទាន់ពេលវេលា និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *