ព័ត៌មានសន្តិសុខសង្គម

អ្នកលេងកាំបិតផ្គាក់៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា

កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថកំបូល បានទទួលបណ្ដឹងផ្ទាល់មាត់ពីជនរងគ្រោះ ថាមានករណីក្មេងស្ទាវមួយក្រុមបានយកកាំបិតកាប់ និងយកដុំថ្មគប់មកលើជនរងគ្រោះ តែមិនបណ្តាលឲ្យរងរបួសនោះទេ រីឯម៉ូតូ ០១គ្រឿងម៉ាកសង់ស៊េរី២០២២ ស្លាកលេខ ភ្នំពេញ 1DG-1728 ខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បានធ្វើការចុះអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន០៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០១ដើមផងដែរ។ ជនទាំង០៣នាក់ រួមមាន ៖ ១/ ឈ្មោះ សន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ។, ២/ ឈ្មោះ យុិន ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ។, ៣/ ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួន និងបក្ខពួកឈ្មោះ អាសេង អាណាក់ អាពៅ អាសំណាង អាសិដ្ឋ និងអ្នកផ្សេងទៀតមិនចាំឈ្មោះ ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយស្មានតែជនរងគ្រោះជាភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ក៏បានយកកាំបិតផ្គាក់កាប់ និងដុំថ្មគុបទៅលើជនរងគ្រោះ តែដោយសារជនរងគ្រោះរត់គេច ពួកខ្លួនក៏ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះតែម្ដងទៅ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *