ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំចំនួន ៣៩១នាក់ មកពីឃុំគោកស្រុក ឃុំតំបែរ និងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរសកម្មជនគណបក្សប្រជាជនឃុំ ដែលបានខិតខំអស់ពីកំលាំងកាយចិត្តលើការងារបក្សក្នុងមូលដ្ឋានរបស់ខ្លួន និងមានភាពរឹងមាំ ហើយបន្តត្រូវជឿជាក់ និងមានភាពស្មោះត្រង់បោះឆ្នោតជូនបក្ស។

ទន្ទឹមនឹងនេះដែរ សកម្មជនបក្សចាំបាច់ត្រូវធ្វើការពង្រឹងការងារគ្រប់គ្រងតួលេខឱ្យបានត្រឹមត្រូវ ព្រមទាំងពិនិត្យសម្របសម្រួលជូនសមាជិកឱ្យមានលទ្ធភាពបោះឆ្នោតបានទាំងអស់គ្នា។ លើសពីនេះទៀត គឺត្រូវបើកទូលាយសម្រាប់អ្នកស្ម័គ្រចិត្តចូលរួមជីវភាពបក្ស ដោយភាពស្មោះត្រង់ និងអាកប្បកិរិយាល្អ។ ចំពោះសកម្មជនបក្សត្រូវចូលរួមឃោសនាក្នុងអំឡុងពេលយុទ្ធនាការ ២១ថ្ងៃនេះឱ្យបានល្អបំផុត និងជំរុញឱ្យសមាជិកទៅបោះឆ្នោតទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថាសមាជិកគណបក្សមានកាតព្វកិច្ចចាំបាច់ណាស់ គឺត្រូវទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមយកជ័យជំនះជូនគណបក្ស ដូច្នេះសកម្មជនបក្សត្រូវយកចិត្តទុកដាក់គ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ និងជំរុញឱ្យសមាជិកទៅបោះឆ្នោត ដោយយកគោលការណ៍ចង្អុលដៃខ្មៅ គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយ។

បើតាម របាយការណ៍ពីគណបក្សឃុំ បានឱ្យដឹងថាឃុំគោកស្រុកមានប្រជាជនសរុប ១០.៩៦៦នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦.៣៦១នាក់ ហើយសមាជិកបក្សមានចំនួន ៤.៩៦០នាក់។ ឃុំតំបែរមានប្រជាជនសរុប ៩.៨១២នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦.៥៨៧នាក់ ហើយសមាជិកបក្សមានចំនួន ៥.៣៧២នាក់។ ឃុំត្រពាំងព្រីងមានប្រជាជនសរុប ១៤.៦៨០នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨.២៦០នាក់ ហើយសមាជិកបក្សមានចំនួន ៦.៣៦៣នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *