ព័ត៌មានជាតិ

ផ្លូវ-ស្ពានជាសរសៃឈាមមេនៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ ជំរុញកំណើនសេដ្ឋកិច្ច និងជាមធ្យោបាយបែងចែកដោយសមធម៌នូវកំណើនសេដកិច្ចជូនដល់ប្រជាពលរដ្ឋគ្រប់រូប

ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្តី ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកការដ្ឋានលើកកម្រិតជួសជុល និងថែទាំផ្លូវលេខ៣១២ ប្រវែង ២៨.៣៧២ គ.ម ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៣។ 

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកប ដោយមោទនភាព។  ព្រមជាមួយគ្នានេះ តម្រូវការអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន នៅកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាលនៅតែចាត់ទុក ជាយុទ្ធសាស្ត្រអាទិភាព ដែលប្រៀបបានទៅនឹង ក្បាលរទេះភ្លើងនៃកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ ប្រជាជន ពីព្រោះផ្លូវ-ស្ពានជាសរសៃឈាមមេនៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ ជំរុញកំណើនសេដ្ឋកិច្ច និងជាមធ្យោបាយបែងចែកដោយសមធម៌នូវកំណើនសេដ្ឋកិច្ច ទាំងនោះជូនដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។ 

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា៖ ជាការពិតណាស់ ការអភិវឌ្ឍរីកចម្រើននៅកម្ពុជាអាចសម្រេចទៅបានគឺ ដោយសាររាជរដ្ឋាភិបាលបានដឹកនាំប្រទេសដោយផ្អែកលើការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ហើយក្នុងនោះក៏មានការចូលរួមឧបត្ថម្ភគាំទ្រ តាមរយៈ ការផ្តល់ហិរញ្ញប្បទានសម្បទា និងជំនួយឥតសំណងពីសំណាក់បណ្តាប្រទេស ជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក៏ជាដៃគូ អភិវឌ្ឍន៍ដ៏សំខាន់មួយផងដែរ ដែលបានផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ 

សម្តេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានជួយដល់ការអភិវឌ្ឍលើវិស័យសំខាន់ៗ ជាច្រើននៅកម្ពុជា បើនិយាយជារួម និងនិយាយដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការសាងសង់ប្រព័ន្ធ លូ ចម្រោះសម្អាតទឹកកខ្វក់ និងស្ថានីយបូមទឹក ការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ការសាងសង់ទីតាំងកែច្នៃសំរាម និងការសាងសង់ទីលានចាក់សំរាមនៅតាមទីប្រជុំជន និងក្រុងក្នុងបណ្តាខេត្តសំខាន់ៗមួយចំនួន រួមទាំងការរៀបចំផែនការមេ ការកសាង សមត្ថភាព និងការសិក្សា គម្រោងជាដើម ដើម្បីបម្រើដល់ការរីកចម្រើន និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ 

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា ផ្លូវខេត្តលេខ ៣១២ មានប្រវែង ២៨,៣៧២ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយ ចក្រី(ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។ គម្រោងនេះនឹងត្រូវ ស្ដារពង្រីកទទឹងតួផ្លូវដែលបច្ចុប្បន្នមានប្រវែងប្រមាណពី ៤ ទៅ ៥ម៉ែត្រ ទៅទទឹងតួផ្លូវ ប្រវែង ១២ ម៉ែត្រ និងលើកកម្រិតគុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទ ផ្លូវក្រាលកៅស៊ូ AC មានកម្រាស់ ៦ សង់ទីម៉ែត្រ និង ៨សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដក កម្រាស់ ២៥សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ម៉ែត្រ និងមានគន្លងសម្រាប់រថយន្ត និងគន្លង សម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។ 

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវខេត្តលេខ៣១២ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE គ្រោងសាងសង់ក្នុងរយៈពេល ១៨ខែ និងថែទាំ រយៈពេល ៦០ខែ ដោយប្រើប្រាស់ថវិកា ដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៤,៨៩ លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *