ព័ត៌មានជាតិ

ឯកឧត្តម ស សុខា តំណាងសម្តេចក្រឡាហោម អញ្ជើញជូបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ នៅក្រុងព្រៃវែង

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ នៅក្រុងព្រៃវែង ចំនួន ៤,៩២៩ នាក់នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ 

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ស សុខា បានមានប្រសាសន៍ថា ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ បានថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងព្រៃវែង ដែលខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលនានាជាច្រើន និងបានបង្ហាញការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះ អតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងក្រុងព្រៃវែង ដែលបានតស៊ូលះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គមដូចសព្វថ្ងៃ។ 

ឯកឧត្តម លើកឡើងបន្ថែមទៀតថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់ ដែលកម្ពុជារង់ចាំឱកាសនេះអស់រយៈពេលជាង ៦០ឆ្នាំ មកហើយ។ ជាលទ្ធផលក្នុងការរៀបចំនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ដែលឈរលើចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសទាំង ១១ ដែលចូលរួមប្រកួត ហើយលទ្ធផលនេះ បង្ហាញថាកម្ពុជា បានបំបែកកំណត់ត្រាថ្មី ដែលទទួលបានមេដាយច្រើនបំផុតមិន ធ្លាប់មានក្នុងប្រវត្តិចូលរួមប្រកួតស៊ីហ្គេមកន្លងមក។ 

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេលជិត ៥ ឆ្នាំ មកនេះ ពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានប្រកាសជូនប្រជាពលរដ្ឋកាលពីដើមអាណត្តិ។ ឯកឧត្តមបន្តទៀតថា ស្នាដៃ និងសមិទ្ធផលទាំងនេះ បានមកដោយសារការចូលរួមលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋទូទាំងប្រទេស។ 

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែង និងការសម្រេចបាននូវសមិទ្ធផលសង្គមលើគ្រប់វិស័យ បានធ្វើឲ្យប្រទេសកម្ពុជា មានការប្រែប្រួលផ្លាស់ប្តូរមុខមាត់ថ្មីជាប្រវត្តិសាស្ត្រ ដោយបានប្រែក្លាយឋានៈកម្ពុជា ពីប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត មកកាន់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប៕

adm

Leave a Reply

Your email address will not be published. Required fields are marked *