ព័ត៌មានជាតិ

ឯកឧត្ដម ស សុខា ៖ បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក បានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន ដើម្បីនាំមកនូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម

ព្រៃវែង៖ ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី រាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងទាំងបី អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរ ក្រៅប្រព័ន្ធ នៅស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក នៃខេត្តព្រៃវែង នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ 

ឯកឧត្តម ស សុខា បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ក៏ដូចជានៅទូទាំងប្រទេស ដែលបានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម មកដល់សព្វថ្ងៃនេះ។ ហើយអតីតយុទ្ធជន និងនិវត្តជនទាំងអស់ មិនថានៅក្នុងស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ទេ នៅទូទាំងប្រទេសកម្ពុជា គឺជាសាក្សីរស់ឆ្លងកាត់សម័យសង្គ្រាម និងបានដឹងងច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានកាប់សម្លាប់ បំបិទសិទ្ធិសេរីភាពគ្រប់បែប បិទសាលារៀន បង្ខំឲ្យកុមារធ្វើការការបំផ្លិចបំផ្លាញការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ ការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ 

ឯកឧត្តន បន្តទៀតថា រាជរដ្ឋាភិបាល បាននឹងបន្តជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់រដ្ឋបាលសាធារណៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ   បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបន្តកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។ បន្តដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត និងអត្ថប្រយោជន៍ផ្សេងៗទៀត សម្រាប់កម្មករនិយោជិត។  រៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងក្រុមជនងាយរងហានិភ័យទូទាំងប្រទេស  នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រដ្ឋដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ សំដៅបន្តធ្វើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារ។ រៀបចំដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីបង្កើតឱកាសការងារនិងប្រាក់ចំណូលដល់ប្រជាជន។លើកកម្ពស់ការថែទាំសុខភាពជូនគ្រួសារក្រីក្រនិងក្រុមជនងាយរងហានិភ័យ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។ ពង្រឹងរបបថែទាំសុខភាពដោយផ្តល់ប័ណ្ណ ប.ស.ស ( ពិនិត្យព្យាបាលជំងឺដោយមិនបង់ថ្លៃ) សម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើន ធ្វើអោយស្រុក មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ 

ឯកឧត្ដម ក៏បានបំពាក់គ្រឿងឥស្សរិយយស ដល់បងប្អូនអតីតយុជន នៅក្នុងស្រុកព្រះស្តេច មេដាយមាសចំនួន ២៩, មេដាយប្រាក់ចំនួន ១៧០ និងស្រុកកំពង់ត្របែក មេដាយមាសចំនួន ៣៩ និងមេដាយប្រាក់ចំនួន ២៤៥ ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *