ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ថ្វាយ “ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី” ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា

ព្រៃវែង៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមទាំង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្ដីរាជការ ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ថ្វាយ “ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី” ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងពិធីសាសនាចម្រើនព្រះបរិត្ត នមស្សការ ព្រះរតនត្រ័យ សមាទានសិល្ប៍ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៩អង្គ និមន្តមកពីវត្តចំនួន ៥ ក្នុងក្រុងព្រៃវែង ដើម្បីថ្វាយ “ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី” ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា។ 

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ជា សុមេធី  អភិបាលខេត្តព្រៃវែង បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយអត្ថន័យដូចខាងក្រោម៖ 

ទូលព្រះបង្គំ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុង ខេត្តព្រៃវែង សូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយស្វាមីភ័ក្ដិដ៏ស្មោះស្ម័គ្រថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់៧០ យាងចូល ៧១ព្រះវស្សា ដែលឈានចូលមកដល់នាថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ ។ 

ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្ដែងអភិវន្ទន៍កិច្ច ប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះ ព្រះរាជគុណូបការៈ និងព្រះមហាទិគុណដ៏ថ្លៃថ្លារបស់ ព្រះករុណាអម្ចាស់ជីវិតកម្កល់លើត្បូង ដែលក្រោមព្រះបារមី ដ៏ពិសិដ្ឋរបស់ព្រះអង្គ បានប្រោសព្រះរាជទាននូវសុខសន្តិភាព វិបុលភាព ការអភិវឌ្ឍ និងសេចក្តីសុខក្សេមក្សាន្ត សម្រាប់ សង្គមជាតិ និងប្រជារាស្ត្រ។ ទន្ទឹមនេះ ព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គតែងសព្វព្រះរាជហឬទ័យ យកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជបេសកកម្ម និងព្រះរាជបូជនកិច្ច ក្នុងបុព្វហេតុដ៏ឧត្ដុង្គឧត្តម នៃជាតិមាតុភូមិ ធានាបានយ៉ាងរឹងមាំនូវឯករាជ្យ ឯកភាពជាតិ កិត្យានុភាព អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណា ចក្រកម្ពុជា។ 

នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការពរបវរមហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះ រាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ ត្រជាក់ត្រជុំសុខដុម សម្រាប់ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍។ 

សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់ និងស្មោះត្រង់បំផុត ពីទូលព្រះបង្គំយើងខ្ញុំ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *