ព័ត៌មានជាតិ

ព្រះសង្ឃ រួមជាមួយនឹងពុទ្ធបរិស័ទ ខេត្តព្រៃវែងបានប្រារព្ធពិធីដង្ហែរបុណ្យវិសាខបូជា ដើម្បីនឹករលឹកគុណព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង

ព្រៃវែង៖ ព្រះសង្ឃ រួមជាមួយប្រជាពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីទូទាំងខេត្តព្រៃវែងបានរៀបចំពិធីដង្ហែរបុណ្យវិសាខបូជាដើម្បីរលឹកនឹកគុណដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ផងនិងដើម្បីទទួលបាននៅបុណ្យកុសលដែលកើតចេញអំពីសទ្ធា ជ្រះថ្លារបស់បងប្អូនប្រជាពុទ្ធបរិស័ទនៅក្នុងឱកាសនៃពិធីបុណ្យពិសាខបូជាដែលជាបុណ្យដ៏ធំមួយនៅក្នុងពុទ្ធសាសនានេះ។

នៅក្នុងពិធីបុណ្យវិសាខបូជានេះផងដែរបងប្អូនប្រជាពុទ្ធបរិស័ទបាននាំយកចង្ហាន់ ទេយ្យទាន ទេយ្យវត្ថុផ្សេងៗយកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានាដើម្បី បង្សុកូល ឧទិសកុសលផលបុណ្យដែលកើតចេញពីទឹកចិត្តរបស់បងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ដែលគាត់ ធ្វើនៅក្នុងថ្ងៃបុណ្យពិសាខបូជាដល់ញាតិទាំងឡាយទាំង ៧ សណ្តាន របស់ពួកគាត់ផងដែរ។

បុណ្យវិសាខបូជា គឺការរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វាន។ ព្រះសមា្មសម្ពុទ្ធ ព្រះអង្គ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជចំនួន ៦២៣ ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹងកា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខនាវេលាទៀបភ្លឺ។ ព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ ព្រះវស្សា។ 

ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទ ពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំ តែប៉ុណ្ណោះ។ ហើយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាស ទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យ សាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និង សាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំង ពិភពលោកទៀតផង។

បុណ្យវិសាខបូជានេះមិនត្រឹមតែមានការដង្ហែរជាក្បួនសម្រាប់នឹករលឹកគុណព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះទេនៅតាមគ្រប់ទីវត្តអារាមក៏បានធ្វើ នូវកិច្ចវត្តផ្សេងៗ មានដូចជាសម្អាតព្រះវិហារ រៀបចំតុបតែងលំអរវត្តអារាម និងនៅពេលយប់ក៏មានការបាញ់កាំជ្រួចបង់ហោះគោម ជាដើម។

សូមបញ្ជាក់ថា ចំពោះការប្រារព្ធពិធីវិសាខបូជា នេះព្រះសង្ឃ រួមជាមួយនឹងពុទ្ធបរិស័ទ ក៏បាន ជួបជុំ គ្នានៅក្នុងបរិវេណដើមពោធិព្រឹក្សនៃសួនច្បារសម្ដេច ជា ស៊ីម ដើម្បីធ្វើកិច្ចវត្តនៅទីនោះ រួចបន្តទៅធ្វើនៅតាមទីវត្តអារាមរៀងៗខ្លួន បន្តទៀតនោះផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *