ព័ត៌មានជាតិ

បន្ទាប់ពីបានពិនិត្យកសិដ្ឋានចិញ្ចឹមត្រីនៅស្រុកបាធាយរួចមកឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តអញ្ជើញមក ពិនិត្យកសិដ្ធានចិញ្ចឹម ត្រីប្រា ពោ អណ្ដែង និងត្រីឆ្ដោ របស់លោក លក លឿង ដែលស្ថិតនៅភូមិតាកុច ឃុំ ស្រងែ ស្រុកព្រៃឈរន្ថែមទៀត


(កំពង់ចាម) កម្មវិធីទី២
នៅខេត្តកំពចាមដដែល ចេញពីស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី លោក និងសហការី បានបន្តមក ពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក លឿង (លេខទំនាក់ទំនង ០៩៧ ៤៤៤៤ ៩៩៩) ស្ថិតនៅភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ។ លោក លក លឿងបានឲ្យ ដឹងថា កសិដ្ឋានបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១១ លើផ្ទៃដី ៣ហ.ត ទទួលបានផល៣០ តោន/ឆ្នាំ។ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានជំរុញឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រីគ្រប់ប្រភេទ ពិសេសត្រីអណ្តែង និងកង្កែបដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងស្រុក ក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ និងចំណាត់ការចុងក្រោយរបស់ឯកឧត្តមរដ្ឋមន្រ្តីបានទាន់ពេល និងមានប្រសិទ្ធភាពក្នុងការផ្អាកការនាំចូលត្រីពីប្រទេសជិតខាង និងទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បច្ចុប្បន្នកសិដ្ឋានពង្រីកស្រះចិញ្ចឹមបាន ៤៤ លើផ្ទៃដី ២៧ហ.ត គ្រោងចិញ្ចឹមឲ្យបាន ៩៥០-១០០០តោន/ឆ្នាំ និងឡើងដល់ ២៥០០ តោន/ឆ្នាំ ក្នុងឆ្នាំ២០២៣។ ជាក់ស្តែងនៅប៉ុន្មានខែខាងមុខកសិដ្ឋានគ្រោងចាប់ត្រីចម្រុះចំនួន ១០០តោន សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក។

មានមតិសំណេះសំណាលជាមួយវារីវប្បករនៅទូទាំងស្រុក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់វារីវប្បករដែលបានអត់ធ្មត់ ស៊ូទ្រាំ និងឆ្លងកាត់បញ្ហាយ៉ាងលំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យម្ហូប អាហារដែលប្រើប្រាស់ផលពីវារីវប្បកម្មក្នុងស្រុក ជាហេតុធ្វើឲ្យបរិមាណផ្គត់ផ្គង់លើសពីតម្រូវការ នាំឲ្យតម្លៃត្រីធ្លាក់ចុះដោយស្វ័យប្រវត្តិ។ ហេតុផលដ៏ចំបងនេះ ក្រសួងបានសម្រេចផ្អាកការនាំចូលផលត្រីដើម្បីពង្រីកផលិតកម្មក្នុងស្រុក និងទ្រទ្រង់តម្លៃត្រីឡើងវិញ ហើយចំណាត់ការនេះទទួល ការគាំទ្រ សាទរ និងអរគុណពីវារីវប្បករនៅទូទាំងប្រទេស។ ឆ្លៀតយកឱកាសនេះ លោកបានណែ នាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម រៀបចំផ្សារណាត់ដើម្បីផ្តល់ឱកាសឲ្យអ្នកចិញ្ចឹម ឈ្មួញ និងអ្នកបញ្ជាទិញ បានជួបពិភាក្សាគ្នាលើចំណុចវិជ្ជមាន និងអវិជ្ជមាន។ បន្តបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី គុណភាពទឹក និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញឲ្យខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ ឆ្លើយតបតាមស្តង់ដានាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេស ជិត ខាង ហើយបានអំពាវនាវអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្ម ឲ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេស លោកសុំឲ្យអ្នកវិនិយោគក្នុងស្រុកងាកមកចាប់អារម្មណ៍លើវិស័យនេះ ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនបងប្អូនវារីវប្បករដែលមានវត្តមាននៅទីនេះ និងនៅទូទាំងប្រទេសថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងពិភាក្សាជាមួយវិនិយោគិនធំៗ ដែលមានអាជីវកម្មលើវិស័យកសិ-ឧស្សាហកម្ម ត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លីដើម្បីជំរុញការនាំចេញកសិផល តាមរយ:ការប្រមូលផ្តុំ ឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ។ លោកសង្ឃឹម និងជឿជាក់ថា នៅពេលតំបន់នេះកើតឡើង នោះវានឹងជួយសម្រួលដល់ការប្រមូលផ្តុំកសិផលក្នុងស្រុក កាត់បន្ថយការកកស្ទះ ការធ្លាក់ចុះថ្លៃ ការថែរក្សាទុក និងការចែកចាយក្នុង និងក្រៅស្រុកបានយ៉ាងល្អប្រសើរ មិនតែប៉ុណ្ណោះវាក៏ជាកន្លែងណាត់ជួបដ៏មានសារសំខាន់មួយរបស់គ្រប់ភាគីពាក់ព័ន្ធ។

adm

Leave a Reply

Your email address will not be published. Required fields are marked *