ព័ត៌មានជាតិ

ក្រសួងធនធានទឹកសូមជូនដំណឹង! ឆ្នាំ២០២៣នេះ អាកាសធាតុនៅកម្ក្ដុជានៅបន្តដល់ខែសីហា ភ្លៀងធ្លាក់តិចតួច, សូមប្រើប្រាស់ទឹកដោយសន្សំសំចៃ

(ភ្នំពេញ)៖ យោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២៣ ដោយបានបង្ហាញថា អាកាសធាតុក្ដៅនៅតែបន្តរហូតដល់ខែសីហា ដើមរដូវវស្សាមានភ្លៀងធ្លាក់តិចតួច និងអាចមានកូនរដូវប្រាំងផងដែរ ដូច្នេះសូមប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយការសន្សំសំចៃ និងប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។

លទ្ធផលនៃការព្យាករបានបង្ហាញថា៖

១. បាតុភូតសកល
ផ្អែកតាមការជូនដំណឹងជាសកលស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ២០២៣នេះ ចាប់ពីខែឧសភារហូតដល់ខែសីហា កម្ពុជានឹងទទួលរងនូវឥទ្ធិពលពីបាតុភូតក្ដៅ អែលនីណូ (El Nino) មាន៦០ % និងបាតុភូតណឺត្រល (Neutral) មាន៤០% ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងឡានីណា (La Nina) ។ ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា បាតុភូតអែលនីណូ (El Nino) អាចនឹងកើនឡើងដល់ ៧០% ទៅ ៨០% និងបាតុភូតណឺត្រល (Neutral) ថយមកនៅ ២០% ទៅ ៣០%។

២. រដូវវស្សាឆ្នាំ២០២៣
ក- ដើមរដូវវស្សា៖ រដូវវស្សាឆ្នាំ២០២៣ នឹងចូលមកដល់នៅសប្តាហ៍ទី២ នៃខែឧសភា យឺតជាងឆ្នាំ២០២២ ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងរបាយទឹកភ្លៀង ធ្លាក់មិនបានរាយប៉ាយបានល្អ យោងតាមស្ថានភាពជាក់ស្តែងនៃចលនាខ្យល់ និងកម្ដៅ (Thermal Low) និងលក្ខណៈភ្លៀងភាគច្រើនធ្លាក់តាមកន្លែង និងដោយផ្ទាល់ (Localize rain)។ កម្រិតទឹកភ្លៀងមានតិចជាងមធ្យមភាគច្រើនឆ្នាំ ប្រមាណពី ២០% ទៅ ៣០%។ នៅក្នុងដើមរដូវវស្សានេះនឹងអាចមានការកើតឡើងជាញឹកញាប់ជាយថាហេតុនូវបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច (Gust wind និង Squall)។
ខ- ពាក់កណ្តាលរដូវវស្សា៖ ចាប់ពីខែសីហាដល់ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងបរិមាណពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គួរ ជាមួយនឹងលក្ខណៈភ្លៀងធ្លាក់ភាគច្រើនជាលក្ខណៈផ្ទាល់ (Localize rain) មិនជាប្រព័ន្ធ។ កម្រិតទឹកភ្លៀងទាបជាងមធ្យមភាគច្រើនឆ្នាំប្រមាណពី ២០% ទៅ ៣០%។ នៅពាក់កណ្តាលរដូវវស្សាខាងមុខនេះក៏នឹងអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ (Thunderstorm) ជាបង្គួរផងដែរ។
គ- ចុងរដូវវស្សា៖ រដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី១ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងក្នុងកម្រិតពីខ្យោយទៅមធ្យម និងកន្លែងខ្លះអាចមិនទទួលបានភ្លៀង។ នៅចុងរដូវវស្សានេះក៏អាចមានបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច (Gust wind និង Squall) ក្នុងកម្រិតជាមធ្យមផងដែរ ពិសេសនៅតំបន់មាត់សមុទ្រ និងតំបន់ជាប់ទន្លេ។

៣. កូនរដូវប្រាំង
នៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះ កម្ពុជានឹងប្រឈមខ្លាំងនូវកូនរដូវប្រាំងដែលអាចកើតឡើង នឹងអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។

៤. ស្ថានភាពព្យុះ
នៅក្នុងឆ្នាំ២០២៣នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី២៤-២៦ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនឹងអាចមានព្យុះខ្លះកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។

ក្រសួងធនធានទឹក និងឧតុនិយមក៏បានជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *