ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញ បើកការដ្ធានសាងសង់ផ្លូវ កៅស៊ូ ជាច្រើនខ្សែង នៅក្រុងកំពង់ចាម

(កំពង់ចាម) នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ(DBST)០១ខ្សែ មានប្រវែង ៦.៥៥០ម៉ែត្រ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដល់ភូមិអូរឈ្លើង ឃុំកោះរការ ស្រុកកំពង់សៀម និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូប្រភេទបេទីម ចំនួន០៥ខ្សែ ប្រវែង ៥.២៥៥ម៉ែត្រ ក្នុងក្រុងកំពង់ចាម និងផ្លូវក្រាលកៅស៊ូប្រភេទDBST ១ខ្សែ ប្រវែង២.៨៥០ម៉ែត្រ ក្នុងស្រុកកំពង់សៀម។

នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា ផ្លូវដែលបើកការដ្ឋានស្ថាបនា គឺជាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទDBST មានប្រវែង៦.៥៥០ម៉ែត្រ ចាប់ពីចំណុចខាងមុខសាលាបឋមសិក្សាបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ឆ្ពោះទៅផ្លូវខេត្តលេខ ២៧០ ត្រង់ចំណុចឃុំកោះរការ ស្រុកកំពង់សៀម។ ជាមួយគ្នានេះ ផ្លូវចំនួន០៦ខ្សែ ដែលសាងសង់រួចរាល់ជាស្ថាពរ ហើយនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះផងដែរ ដែលក្នុងនោះមាន ៖
១-ផ្លូវអ៊ុតកៅស៊ូ បេទីម ប្រវែង ៥១២ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីស្តុបលំហែរ ផ្លូវលេខ៧ ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ទល់ផ្លូវលេខ៧ ចាស់មុខសាលាកសិកម្ម ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
២-ផ្លូវអ៊ុតកៅស៊ូ បេទីម ប្រវែង ៧៧១ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ផ្លូវភ្លោះព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
៣-ផ្លូវក្រាលកៅស៊ូ បេទីម ប្រវែង ៨៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ វិថីកម្ពុជាក្រោម (ចាប់ពីរង្វង់មូល ១-៧៩ ដល់ផ្សារបឹងកុក) ភូមិទី១៣ សង្កាត់បឹងកុក។
៤-ផ្លូវអ៊ុតកៅស៊ូ បេទីម ប្រវែង ១.៥៦២ម៉ែត្រ ទទឹង ១០ម៉ែត្រ ចាប់ពីកែងរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ទល់ផ្លូវព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
៥-ផ្លូវអ៊ុតកៅស៊ូ បេទីម ប្រវែង ១.៥៧០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ប្រវែង ៣.១៤០ម៉ែត្រ ចាប់ពីរង្វល់មូលនាងគង្ហីង ដល់ស្ពានព្រែកដើមចាន់ ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
៦-ផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទDBST ប្រវែង ២.៨៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិប្រសំ និងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ។

ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់ដែរថា ផ្លូវដែលយើងត្រូវបើកដ្ឋានស្ថាបនានាពេលនេះ គឺជាផ្លូវដែលយើងទាំងអស់គ្នា បានរង់ចាំជាយូរមកហើយ និងក៏ដូចជាចត្ខុវិស័យរបស់អតីតអភិបាលខេត្ត ក្នុងការផ្ដោតការយកចិត្តទុកដាក់ ជម្រុញធ្វើឲ្យសមិទ្ធផលក្នុងសង្កាត់សំបួរមាស មានការអភិវឌ្ឍរីកចំរើនដូចគ្នា ទៅនឹងសង្កាត់០៣ផ្សេងទៀតក្នុងក្រុងកំពង់ចាមផងដែរ។ ដោយឡែក គម្រោងផ្លូវទាំង ០៦ខ្សែ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ មានផ្លូវពីរប្រភេទ គឺ ៖ ជាប្រភេទកៅស៊ូ DBST មាន ១ខ្សែ និងប្រភេទកៅស៊ូបេទីម ចំនួន០៥ខ្សែ ។ ឯកឧត្ដម បន្តថាគម្រោងផ្លូវអ៊ុតកៅស៊ូបេទីម ទាំង០៥ខ្សែ នេះ ដំបូងឡើយ គឺជាប្រភេទផ្លូវ DBST ក៏ប៉ុន្តែដោយសារ ការរងការខូចខាត ជាពិសេសភាពទ្រុឌទ្រោម នៃផ្លូវ ដោយសារអាយុកាលនោះ ទើបរដ្ឋបាលខេត្តកំពង់ចាម សម្រេចអ៊ុតកៅស៊ូពីលើ ២ជាន់ ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានសូមការយោគយល់អធ្យាស្រ័យ ចំពោះសំណង់តាមដងផ្លូវមួយចំនួន មានការប៉ះពាល់ ពីព្រោះថា នៅពេលក្រុមការងារចុះអនុវត្ត នឹងត្រូវធ្វើការពង្រីក ដែលទាមទារឲ្យរួមគ្នាដោះស្រាយ ដើម្បីយើងទទួលបានផ្លូវស្អាត ត្រូវតាមស្តង់ដារបច្ចេកទេស។ ដោយឡែក ចំពោះមុខ យើងចលនាគ្នា ជាពិសេស នៅពេលផ្លូវស្ថាបនា រួចរាល់នោះ សូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួម ដាំដើមឈើ និងដាក់អំពូលបំភ្លឺ ពោលគឺ ផ្ទះមួយដាំដើមឈើ ១ដើម ឬក៏ផ្ទះមួយ អំពូលសូសឡា ១ដើម ដើម្បី ឲ្យភូមិ សង្កាត់របស់យើង ក្លាយទៅជាភូមិ សង្កាត់ស្រស់ស្អាត មានសោភណ្ឌភាពល្អ និងផាសុខភាព សម្រាប់ប្រជាពលរដ្ឋយើងគ្រប់ៗគ្នា ផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអប់រំផ្សព្វផ្សាយដល់សមាជិកក្រុមគ្រួសារ អនុវត្តច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា និងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីមូលដ្ឋានរបស់បងប្អូន មានសុខសុវត្ថិភាព ការរស់នៅរបស់បងប្អូន ប្រកបដោយសុខុដុមរមនា ក្រោមដំបូលនៃសុខសន្តិភាពសម័យតេជោសែន និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ក្នងការងអនុវត្តន៍នូវវិធានការអនាម័យ រួមនឹងវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ និងកាត់ផ្ដាច់ខ្សែចម្លង មិនឲ្យឆ្លងចូលក្នុងសហគមន៍ បើទោះបីមានប្រទេសមួយចំនួនបានរកឃើញ និងផលិតបានវ៉ាក់សាំងការពារវីរុសដ៏កាចសាហាវនេះក៏ដោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *