ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ព្រមទាំងថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ បានជាអធិបតីក្នុងកិច្ចប្រជុំ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំខេត្តព្រៃវែង

ឯកឧត្តម ជា សុមេធី និងឯកឧត្តម អ៊ុង សាមី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជាអធិបតីក្នុងកិច្ចប្រជុំ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំនៃសាលាខេត្តព្រៃវែង។

ឯកឧត្តម ជា សុមេធី សូមសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ព្រមទាំងគណៈប្រតិភូទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង នាពេលនេះ។

ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានដាក់ចេញនូវទិសដៅក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” អោយបានមុីងម៉ាត់ ក្នុងគោលបំណងផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ សកម្មភាពចូលរួមរបស់ប្រជាការពារសន្តិសុខសុវត្ថិភាពតាមសហគមន៍ និងសកម្មភាពក្រុមប្រឹក្សាប្រឡងប្រណាំងស្នាដៃ ជាដើម។

ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបង្កភាពអនុគ្រោះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០។

ឯកឧត្តម ជា សុមេធី សូមគោរពជូនពរ​ ឯកឧត្តម អ៊ុង សាមី និងឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ព្រមទាំងប្រតិភូ និងសមាជិកនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​បរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច។

២៩ មីនា ២០២៣

adm

Leave a Reply

Your email address will not be published. Required fields are marked *