ព្រៃវែង៖ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្មោងខាងជើង បានមានប្រសាសន៍លើកឡើងថា ស្ត្រីគឺជាមូលដ្ឋានគ្រិះក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ដោយមិនអាចខ្វះស្រ្តីនោះទេ ដោយការលើកបែបនេះក្នុងឱកាស ដែលលោក អភិបាលរងខេត្ត បានរៀបចំ អបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិសិទ្ធនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ (ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល) ដែលមានស្ត្រីចូលរួមចំនួន ២០០ នាក់ ។ ដែលស្ថិតនៅភូមិព្រៃស្ទរ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៣ ។
លោក អភិបាលរងខេត្ត ក៏បានលើកឡើងអំពីជីវប្រវត្តិនៃការតស៊ូរបស់នារីយ៉ាងជូរចត់ដើម្បីទាមទារបាននូវសិទ្ធិសេរីភាពមកដល់នាពេលនេះដោយបាន ពិភពលោកទទួលស្គាល់ និងផ្ដល់សិទ្ធិពេញលេញ នៅក្នុងការងារ និងសង្គមជាបន្តបន្ទាប់។ ០៨ មីនា ជាថ្ងៃមហាសាមគ្គីតស៊ូរបស់ស្រ្តីពលករទូទាំងពិភពលោក ដើម្បីសេរីភាព ប្រជាធិបតេយ្យ ដោយភ្ជាប់នូវពាក្យស្លោកថា«មួយថ្ងៃធ្វើការប្រាំបីម៉ោង» «ធ្វើការស្មើគ្នា បៀវត្សរ៍ស្មើគ្នា» « ការពារសុខភាពមាតា និងទារក» ។
លោក អភិបាលរងខេត្ត ក៏បានលើកឡើងបន្ថែមទៀតថា ៖ ទាំងសិទ្ធិនារី ដែលយើងប្រារព្ធធ្វើនៅក្នុងថ្ងៃនេះ ក៏ដូចជាសិទ្ធិសេរីភាពផ្សេងៗទៀតរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនេះ គឺកើតចេញពីកត្តាប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ នឹងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសិទ្ធិសេរីភាព មានសន្តិភាពពេញលេញទូទាំងប្រទេសកម្ពុជា។
លោក អភិបាលរងខេត្ត បានបន្តទៀតថា៖ ប្រធានបទដែលបាន លើកឡើងនៅក្នុង ខូបលើកទី១១២ ទិវាអន្តរជាតិសិទ្ធនារី ៨ មីនា ឆ្នាំ២០២៣ គឺមានន័យគ្រប់គ្រាន់សម្រាប់ ស្ត្រីដែល បាននឹងកំពុងចូលរួមយ៉ាងសកម្ម ខ្លាំងក្លាបំផុត ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យមានការរីកចម្រើន និងជាការលើកទឹកចិត្ត និងជំរុញឲ្យស្ត្រីគ្រប់រូបត្រូវចូលរួមសហការសាមគ្គីគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ និងដើរឲ្យទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះ។
លោក អភិបាលរងខេត្ត បន្ថែមថា៖ ការប្រារព្ធពិធីនេះក្នុងអត្ថន័យរួមគឺ ការគោរព ស្រលាញ់ស្រី្ត លើកកម្ពស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច កាងារ នយោបាយ និងការចូលរួមកិច្ចការសង្គមជាតិ រហូតគេបានចាត់ទុកស្ត្រី ជាមាតារបស់ពិភពលោក។
ក្នុងឱកាសនោះដែរលោកអភិបាលរងក៏បាន ផ្ដល់ជូនជាកាដូអនុស្សាវរីយ៍ ដល់ស្ត្រីដែលបានអញ្ជើញចូលរួមចំនួន ២០០ នាក់ ដោយក្នុងម្នាក់ទទួលបានសារុ៉ងមួយ និងថវិកាមួយចំនួនផងដែរ៕