ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយលោកស្រី នាយិកាអង្គការ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

(ភ្នំពេញ) ៖នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Lan Mercado នាយិកាអង្គការ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងគាំទ្រ ចំពោះសកម្មភាពរបស់គម្រោង WWF ក្នុងការចូលរួមអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះនិងស្ទឹងត្រែង និងការកែប្រែជីវភាពរបស់ប្រជាជននៅតំបន់នោះឱ្យមកធ្វើកៅស៊ូជាលក្ខណៈគ្រួសារ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដោយធ្វើយ៉ាងណាធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើង មាននិរន្តរភាពសេដ្ឋកិច្ច។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការបង្វែរអ្នកនេសាទឱ្យទៅមុខរបរផ្សេងៗទៀតនោះគឺជារឿងល្អ តែត្រូវធានាឱ្យបាននូវនិរន្ដរភាព មិនមែនធ្វើមួយពេលហើយត្រលប់មកនេសាទទៀតនោះទេ។

ចំពោះអនុវិស័យកៅស៊ូ ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើឱ្យអង្គការត្រូវគិតគូរ និងសិក្សាបន្ថែមអំពីកៅស៊ូ ព្រមទាំងរកទីផ្សារឱ្យមានប្រសិទ្ធភាព ដោយ ឯកឧត្តមបើកឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពទាំងអស់គ្នាលើវិស័យកៅស៊ូនេះ ហើយក៏រំពឹងថានឹងឈានដល់កម្រិតពាណិជ្ជកម្មនាពេលអនាគត។

សូមជម្រាបជូនថា អង្គការ WWF បាននិងកំពុងគាំទ្រលើកម្មវិធីសំខាន់ៗមួយចំនួននៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង និងតំបន់ទេសភាពខ្ពង់រាបប៉ែកខាងកើតក្នុងខេត្តមណ្ឌលគិរី។ កម្មវិធីសំខាន់ទាំងនោះរួមមាន កម្មវិធីអភិរក្សសត្វផ្សោតទន្លេមេគង្គ កម្មវិធីគាំទ្រដល់សហគមន៍នេសាទ កម្មវិធីគាំទ្រដល់សហគមន៍ព្រៃឈើ និងកម្មវិធីគាំទ្រដល់ការបង្កើនជីវភាពរស់នៅរបស់សហគមន៍ដូចជាការចិញ្ចឹមមាន់ ត្រី ធនាគារគោ-ក្របី កសិ-រុក្ខកម្ម និងការបង្កើតក្រុមដាំបន្លែនិងស្រូវ។

អង្គការ WWF ក៏បានគាំទ្រទៅលើការសិក្សាស្រាវជ្រាវ និងកម្មវិធីអប់រំផ្សព្វផ្សាយផងដែរ។ បច្ចុប្បន្នអង្គការ WWF សហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ អនុវត្តគម្រោងកៅស៊ូខ្នាតតូចនិងលក្ខណៈគ្រួសារ នៅខេត្តមណ្ឌលគិរី ក្រោមជំនួយពីរដ្ឋាភិបាលអាឡឺម៉ង់(BMZ) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)៕

adm

Leave a Reply

Your email address will not be published. Required fields are marked *