ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ជម្រុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំដោះស្រាយបញ្ហាដែលសេសសល់ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា មន្ត្រីអាជ្ញាធរនៅមូលដ្ឋានទាំងអស់ទៅខិតខំប្រឹងប្រែងដោះស្រាយនៅចំបញ្ហាដែលនៅសេសសល់ ទាំងប៉ុន្មាន ជាពិសេសបញ្ហាដីធ្លី ធ្វើយ៉ាងណា ធ្វើការដោះស្រាយឲ្យបានលឿន ដើម្បីបំពេញតម្រូវការដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា តាមមូលដ្ឋានរបស់ខ្លួន ដោយការលើកឡើងបាននេះនៅក្នុងឱកាស ដែលឯកឧត្តម អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តព្រៃវែង នាថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣។ 

ឯកឧត្តម  អភិបាលខេត្ត ក៏បានបន្តទៀតថា សូមឱ្យអាជ្ញាធរនៅតាមមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យទៅលើយានយន្តដែលដឹកលើសទម្ងន់ដែលជាបញ្ហាបង្កឲ្យមានការខូចខាតផ្លូវ ដែលធ្វើឲ្យរំខានដល់ បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវទាំងអស់នេះមានការលំបាកនឹងខាតពេលវេលា។  ឯកឧត្តម បន្តថា ផ្លូវមួយខ្សែមួយខ្សែ ទម្រាំទៅនឹងមានការអភិវឌ្ឍន៍និងកសាងទៅបាននេះគឺប្រើពេលវេលាយូរ និងចំណាយថវិកាច្រើន ដូច្នេះសូមឲ្យអាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ ជម្រុញឲ្យ ចូលរួមក្នុងការថែទាំផ្លូវទាំងអស់នោះឲ្យបានថិតថេរគង្វង់យូអង្វែង ជាប្រយោជន៍រួមទាំងអស់គ្នា  និងងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់។ 

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ទាំងអស់នៃខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារកាតព្វកិច្ចរបស់ខ្លួននៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ 

ឯកឧត្តម  ក៏បានផ្ដាំផ្ញើដល់ រដ្ឋបាលក្រុង ស្រុក ទាំងអស់ត្រូវខិតខំប្រឹងប្រែងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលខ្លួនបានអនុវត្តកន្លងមកបន្ថែមទៀតធ្វើយ៉ាងណាដើម្បីបំពេញសេវាសាធារណៈទាំងអស់នេះជូនបងប្អូនប្រជាពលរដ្ឋហើយកាន់តែប្រសើរឡើង និងព្យាយាមដោះស្រាយវិវាទបញ្ហានានាក្រៅប្រព័ន្ធតុលាការ ទៅតាមលទ្ធភាពរបស់ខ្លួននៅតាមមូលដ្ឋាន ឲ្យអស់លទ្ធភាពមុននឹងបន្តជំរុញមកដល់ខេត្តដោះស្រាយបន្ត។ 

នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជុំទាវ ជា ផល្គុន បានដឹកនាំកិច្ចប្រជុំបន្ត នៃការរៀបចំគណៈកម្មការ ដើម្បីរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនៅក្នុងឆ្នាំ ២០២៣ ខាងមុខនៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ 

នៅក្នុងព្រឹត្តិការណ៍ នៃការរៀបចំសង្ក្រាន្តព្រៃវែងគឺមានការរៀបចំកន្លែងសប្បាយៗ ចំនួន សម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋមកលេងកំសាន្ត មានលេងល្បែងប្រជាប្រិយ ចោលឈូង, លាក់កន្សែង, វ៉ៃក្អម, ខ្លែងឆាបកូនមាន់, ការប្រារព្ធពិធីសាសនាដែលមានការពូនភ្នំខ្សាច់ និងស្រង់ព្រះ, តំបន់ត្រជាក់ចិត្ត, ប្រគំតន្ត្រី, ប្រដាលគុណខ្មែរ និងដាក់តាំងពិពណ៌លក់នៅផលិតផលជាតិនិងអន្តរជាតិ និងទំនិញផ្សេងៗជាច្រើនទៀតផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *