ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះក្រសួង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ទៀត ហើយមិនមានអ្នកជាសះស្បើយទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ទៀត ខណៈអ្នកជាសះស្បើយមិនមាននោះទេ។

អ្នកឆ្លងកូវីដ១៩ ថ្មីទាំង២នាក់នោះរួមមាន ៖ កុមារាជនជាតិឥណ្ឌូណេស៊ី អាយុ១ឆ្នាំ ស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ និងស្ត្រីអាយុ៣៣ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់មេរោករបេង និងហង់សិន រាជធានីភ្នំពេញ និងស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ ស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៤១នាក់ ក្នុងនោះអ្នកជាសះស្បើយ ៣៨៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៥៥នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *