ព័ត៌មានជាតិ

ឯកឧត្ដម ស្បោង សារ៉ាត់ ៖ សន្តិភាពបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ បងប្អូនប្រជាពលរដ្ឋមានឱកាសជួបជុំធ្វើបុណ្យទានបំពេញសទ្ធារបស់ខ្លួន


ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងថា កត្តាសុខ សន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ មានឱកាសក្នុងការជួបជុំ ធ្វើបុណ្យទានបំពេញនៅសទ្ធារបស់ខ្លួន ដោយការលើកឡើងបែបនេះគឺនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្ត បទុមមុនីសុគន្ធារាម (ហៅវត្តខ្នា) ស្ថិតនៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាថ្ងៃទី  ២៤ ខែធ្នូ ឆ្នាំ២០២២។ 

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងបន្ថែមទៀតថា កត្តាសុខសន្តិភាពទាំងអស់នេះក៏កើតចេញពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាជឿជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានខិតខំពុះពារស្វែងរកសុខសន្តិភាពនេះជូនបងប្អូនប្រជាពលរដ្ឋ។  ហើយក្នុងនោះដែរសម្ដេចក៏បាន ខិតខំស្វះស្វែងរកនៅវ៉ាក់សាំងដើម្បីបង្ការទប់ស្កាត់នៃការឆ្លងជំងឺកូវីដ19 ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមានឱកាសក្នុងការជួបជុំធ្វើបុណ្យទាន និងរៀបចំកម្មវិធីផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបន្ថែមទៀតថា សមិទ្ធផលនានាដែលបានដាក់សម្ពោធឆ្លងប្រើប្រាស់នាថ្ងៃនេះ មានគំនូរព្រះពុទ្ធរូប សាលាឆទាន ស្ពាន ផ្លូវថ្នល់ កុដិសម្រាប់សមណៈសិស្ស នៃសាលាពុទ្ធិកបឋមសិក្សាសម្តេច ជា ស៊ីម ខ្នារ គង់នៅសិក្សារៀនសូត្រ ទាំងនេះគឺជាសមិទ្ធផលថ្មីមួយដែលកើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ ដែលបានចំណាយនូវថវិកាធនធាន ដើម្បីកសាងនូវសមិទ្ធផលនានាទាំងអស់នេះឡើង ដើម្បីទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដែលជាផ្នែកមួយក្នុងការពង្រឹងនៃអាយុកាលព្រះពុទ្ធសាសនាគ្រប់ ៥ ពាន់ ព្រះវស្សា។ 

ក្នុងនោះដែរឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំគោរពបូជានៅសមិទ្ធផលដែលបានកសាងឡើងនាពេលនេះដើម្បីទុកជាប្រយោជន៍រួមយូរអង្វែងដល់កូនចៅជំនាន់ក្រោយ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បាននាំយកនូវបច្ច័យចំនួន ១៨ លានរៀល សម្រាប់តម្កល់ទុកក្នុងការកសាងនៅទីវត្តអារាមមួយនេះផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *