ព័ត៌មានជាតិ

ផ្ទះ ចំនួន ២ខ្នង(លេខរៀងទី១៧៤-១៧៥) និងបង្គន់អនាម័យ ចំនួន ២(លេខរៀងទី១៥៥-១៥៦) ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រចំនួន ២គ្រួសារ នៅក្នុងស្រុកកញ្រ្ជៀច…!!!

សាខា កាកក្របាទក្រហម ខេត្តព្រៃវែង៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងសង្ក័សី និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២២ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅឃុំចុងអំពិល និងឃុំត្នោត ក្នុងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាស្តីពីការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ
កូវីដ-១៩(Covid-19) វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ នឹងគោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សរុបអ្នកចូលរួមចំនួន ៥១នាក់ ស្រី ៣២នាក់។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សាខា ក៏បានផ្តល់ជូននូវ អង្ករ ២៥គ.ក កន្ទេល ១ ឃីត ១ កញ្ចប់(មុង ភួយ សារុង ក្រមា) មីយើង ១កេស ត្រី ខ ១ យួរ ឃីតអនាម័យ ១ កញ្ចប់ (ជែល សាប៊ូ ម៉ាស់) ទឹកបរិសុទ្ធប្លូស៊ី ចំណុះ ១,៥លីត្រ ៦ដប និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។ អនុសាខាស្រុក បានផ្តល់សម្ភារៈបន្ថែមរួមមាន សម្ភារៈផ្ទះបាយ ១ឈុត និងសម្ភារៈដំណេក ១ឈុត។

សាខាខេត្ត ក៍បានឧបត្ថម្ភថវិកាដល់លោកតា លោកយាយ និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធី ចំនួន ២១នាក់ ក្នុង ១នាក់ ទទួលបាន ១០,០០០រៀល។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ១៧៥ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ១៥៦បង្គន់។

adm

Leave a Reply

Your email address will not be published. Required fields are marked *