ព័ត៌មានជាតិ

យ៉ាងហោចណាស់មានសិស្សសាលាចំនួន៣នាក់ បានលង់ទឹកស្លាប់ ដោយសារលិចទូក នៅចំណុចបឹងតាអី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង

(ព្រៃវែង)៖ យ៉ាងហោចណាស់មានសិស្សសាលាចំនួន៣នាក់ បានស្លាប់ដោយសារលិចទូក និងសិស្សសាលាចំនួន ៦នាក់ទៀត បានរួចផុតពីការស្លាប់ ខណៈពួកគេបាននាំគ្នាជិះទូកលេងលើបឹងតាអី បន្ទាប់ទំនេរពីការសិក្សា។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨៖១៥នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចបឹងតាអី ភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សមត្ថកិច្ចស្រុកពោធិ៍រៀង បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឃើញក្មេងសិស្សសាលាមួយក្រុមមានគ្នា៩នាក់ បាននាំគ្នាជិះទូកឈើប្រវែង ៦ម៉ែត្រ នៅពេលកំពុងជិះស្រាប់តែលិចទូកបណ្តាលឱ្យលង់ទឹកស្លាប់ចំនួន៣នាក់ និងក្មេង៦នាក់ទៀត បាននាំគ្នាហែលទឹក និងប្រជាពលរដ្ឋជួយសង្ក្រោះផងទើបរួចពីសេចក្តីស្លាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងសិស្សសាលាដែលរងគ្រោះដោយសារលិចទូកនេះរួមមាន៖

ទី១៖ ឈ្មោះ សាន លីម៉េង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី។
ទី២៖ ឈ្មោះ ប៉ូ រុណ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិព្រៃមាស ឃុំកំពង់ឫស្សី។
ទី៣៖ ឈ្មោះ ណេ ដេវីដ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សមត្ថកិច្ចបានបន្តថា ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍កំពង់ឫស្សី បានសហការជាកម្លាំងអធិការដ្ឋានស្រុកពោធិ៍រៀង និងប្រជាពលរដ្ឋចុះរាវរកសពក្នុងទឹកបានឃើញទាំងអស់ នៅវេលាម៉ោង១១និង១២នាទី និងបានប្រគល់សពជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចស្រុកពោធិ៍រៀង ក៏បានអំពាវនាវសិស្សានុសិស្ស ពេលទំនេរពីការសិក្សាមិនត្រូវនាំគ្នាលេងទឹកឡើយចៀសវាងនាំឱ្យគ្រោះថ្នាក់ជាយថាហេតុ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *