ព័ត៌មានជាតិ

រដ្ឋបាលខេត្តបានរៀបចំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីពិនិត្យ និងវាយតម្លៃនៅសកម្មភាពការងាររបស់រដ្ឋបាល ក្រុង ស្រុក ទាំង ១៣ និងមន្ទីរអង្គភាពអាជ្ញាធរ ពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តព្រៃវែង ដែលបានអនុវត្តការងារកន្លងមក ដើម្បីលើកឡើងជាបញ្ហានិងសំណូមពរ ដល់អង្គប្រជុំដើម្បីធ្វើការដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។  ដែលកិច្ចប្រជុំនេះ នៅសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអភិបាលក្រុង-ស្រុកទាំង១៣ សរុបចំនួន១៤១រូប។ 

ក្រោយអំពីបានស្ដាប់នូវរបាយការណ៍អំពីបញ្ហាប្រឈមនឹងដំណោះស្រាយនានារបស់រដ្ឋបាលក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធដែលបានលើកឡើងនៅក្នុងអង្គប្រជុំរួចមក ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក ទាំងអស់។ 

ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ ដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។ 

ឯកឧត្ដម អភិបាលខេត្ត ក៏បានក្រើនរម្លឹក និងជម្រុញបន្ថែមដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិនានា ច្បាប់ និងនីតិវិធីជាធរមាន និយាយជារួមគឺ ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន បន្តពង្រឹងផ្សព្វផ្សាយការងារភូមិ ឃុំមានសុវត្ថិភាព (គ្រឿងញៀន និងល្បែងសុីសង) នៅក្នងដែនសមត្ថកិច្ចការទទួលខុសត្រូវរបស់ខ្លួន ជាពិសេស ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលនេះ។ ត្រូវពិនិត្យ និងជម្រុញការងារចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ជាពិសេស ក្មួយៗដែលមិនទាន់បានទៅទទួលវ៉ាក់សាំងការពារមេរោគកូវីដ-១៩នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបន្ស៊ាំសហគមន៍ និងរស់នៅតាមបែបគន្លងថ្មី លើសពីនេះទៀត យើងក៏ត្រូវពង្រឹង និងពន្លឿនការផ្ដល់សេវាធារណ:ជូនប្រជាពលរដ្ឋ ពិសេសការផ្ដល់សេវារដ្ឋបាលឱ្យបានទាន់ពេលវេលា និងបន្តដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *