ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម ញាណ វិបុល (ហៅ ឈឿ) ទីប្រឹក្សាក្រសួងមហាផ្ទៃ នៅស្រុកំពង់ត្របែក

ព្រៃវែង៖ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម ញាណ វិបុល (ហៅ ឈឿ) ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ក្នុងនោះឯកឧត្តម រដ្ឋមន្ត្រី និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងមូល មានសេចក្តី ក្រៀមក្រំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ញាណ វិបុល ទីប្រឹក្សាក្រសួងមហាផ្ទៃ បានទទួលមរណភាព កាលពីវេលាម៉ោង ៩:៣០នាទីយប់ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ ។

មរណភាព ឯកឧត្តម ញាណ វិបុល គឺជាការបាត់បង់នូវមន្ត្រីដ៏សកម្មមួយរូប ដែលត្រូវជាប្អូន ជាបង ឳពុក ឳពុកក្មេក និងជាជីតា ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់នៃសព ដែលជានិច្ចកាលតែង បានលះបង់ខ្ពស់ទាំងកម្លាំងកាយ ចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាកូនៗជាទីស្រឡាញ់ និងបាន ចូលរួមចំណែកយ៉ាងធំធេងក្នុងការងារមនុស្សធម៌ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋាន ដោយទទួលបាននូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីបងប្អូនប្រជាពលរដ្ឋ ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន ព្រមទាំងឯកឧត្ដម ផ្ទាល់ សូមសម្ដែងនូវការសោកស្តាយ ជាអនេក ចំពោះការបាត់បង់មន្ត្រីដ៏ឆ្នើម និងជាទីគោរព ដែលពេញមួយជីវិតរបស់ឯកឧត្តមបានចូលរួមយ៉ាងសកម្មក្នុងការងារបម្រើប្រទេសជាតិ មាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ឯកឧត្ដម ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធសពឯកឧត្តម ញាណ វិបុល ជាទីគោរព ស្រឡាញ់ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *