ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមទស្សនទានថ្មីគឺ “គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ”

ភ្នំពេញ ៖ នៅក្នុងឱកាសបើកដំណើរការឆ្នាំសិក្សា ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រូបង្រៀន អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ ខិតខំបង្កើនការយកចិត្តទុកដាក់ជំរុញប្រសិទ្ធភាពការងារតាមរយៈអនុសាសន៍ណែនាំ ១២ចំណុចសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យអប់រំ ដែលមានខ្លឹមសារដូចតទៅ ៖

ទី១- រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អាទិភាពទី១លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីតំណក់ប្រេងដំបូងស្របពេលនៃខួបលើកទី២២នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោក្នុងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញនិងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូលក្នុងរយៈពេល២២ឆ្នាំមកនេះ។

ទី២- សូមបន្តលើកកម្ពស់ សុខភាពអនាម័យ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម៣ការពារ ៣កុំ ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត ១ម៉ែត្រកន្លះ និងសុវត្ថិភាពចំណីអាហារ។

ទី៣- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនៈទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំអាស្រ័យទៅតាមទីតាំងភូមិសាស្រ្ត ស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលនៃកូវីដ-១៩ និងស្ថានភាពអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តជំរុញការអប់រំ ឌីជីថល ឱ្យទាន់សភាពការជាតិ តំបន់ និងសាកលលោក។

ទី៤- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំនិងអនុវត្តកម្មវិធីសិក្សាបំព្រួញដោយកំណត់ជាមុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជាចម្រើសមេរៀនសិក្សាក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្ស បានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅជាពិសេសមេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។

ទី៥- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការពិនិត្យឡើងវិញឱ្យស្របនឹងបរិបទថ្មីៗដែលតម្រូវឱ្យមានភាពរស់រវើក និងកាន់តែធានាបាននូវភាពស័ក្តិសិទ្ធិនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យអប់រំ និងហិរញ្ញប្បទានសហប្រតិបត្តិការ ការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពនិងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រង នាយកសាលា និងគ្រូបង្រៀន។

ទី៦- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារដោយអនុវត្តវិធីសាស្រ្តបង្រៀនតាមបែបការរិះរក និងការអនុវត្តវិធីសាស្រ្តបង្រៀនថ្មីៗក្នុងសតវត្សទី២១ ដែលជាវិធីសាស្រ្តតាមបែបចម្រុះ ដែលសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន និងការធ្វើស្វ័យសិក្សា និងការផ្តោតលើការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលជាពិសេសសិស្សមានបំនិនសតវត្សទី២១។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំងវគ្គវិក្រឹត្យការ តាមគ្រប់រូបភាពដើម្បីលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។ ក្រសួង ត្រូវបន្តកែលំអរ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្រ្តាចារ្យទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែងរបស់សាលារៀនសម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩។

ទី៧- គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀននិងរៀន ដើម្បីឱ្យសាលារៀនរបស់យើង ក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនដែលមានប្រសិទ្ធភាព។ គ្រឹះស្ថានសិក្សា ត្រូវបន្តកសាងបរិស្ថាន សាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងដៃ និងសួនធម្មជាតិ។ល។ ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបទល្អដោយគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សា ត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាពដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាករណីមានប្រធានស័កកើតឡើងដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្រ្តាក់ និងការរាតត្បាតនៃជំងឺនានា។

ទី៨- លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទេសក៏ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទាំងខាងផ្នែកចំណេះដឹង និងវិធីសាស្រ្តបង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសាកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *