ព័ត៌មានស៊ើបអង្កេត

លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ពុករលួយនិងធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន


ព្រៃវែង% ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះស្ថាប័នមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ស្ទើរតែក្លាយជាក្រុមហ៊ុនរកស៊ីផ្ដាច់មុខរបស់លោក អ៊ុន សុធា ដែលជាប្រធានមន្ទីរទៅហើយ។ ទន្ទឹមនឹងនេះគម្រោងស្ថាបនាផ្លូវ ជួសជុលផ្លូវនៅក្នុងខេត្តព្រៃវែង ដែលចំណាយថវិកាជាតិរាប់ពាន់លានរៀល បានក្លាយជាប្រភពចំណូលដ៏សំខាន់របស់លោក អ៊ុន សុធា ដែលធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនគួរបណ្ដោយឲ្យលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនទៀតឡើយ។

ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការខេត្តព្រៃវែង បានឲ្យដឹងថា កាលពីឆ្នាំ2021 មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ទទួលបានគម្រោងថែទាំខួបលើកំណាត់ផ្លូវជាតិលេខ310 ដោយទទួលលុយរដ្ឋ 1948លានរៀល សម្រាប់យកមកថែទាំផ្លូវនេះ។ នៅក្នុងគម្រោងតម្រូវឲ្យមន្ទីរថែទាំខួបលើកំណាត់ផ្លូវខេត្តលេខ310 គឺក្រាលកៅស៊ូ DBST ប្រវែង3070ម៉ែត្រ ទទឹង7ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលលាយល្បាយថ្មសងខាងផ្លូវពីចន្លោះគីឡូលេខ 00+700 ដល់គីឡូម៉ែត្រលេខ 08+810 ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ 235,25 ម៉ែត្រ ស្ថិតនៅក្នុងស្រុកពាមរក៍ និងស្រុកពាមជរ។ ការចាត់ចែងចំណាយលើគម្រោងនោះគឺលោក អ៊ុន សុធា ធ្វើតែម្នាក់ឯងដោយអាងអំណាចខ្លួនជាប្រធានមន្ទីរ ដោយគ្មានមន្ត្រីណាដឹងឮនោះទេ។

គម្រោងទី2- គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានទទួលនូវការថែទាំខួបលើកំណាត់ផ្លូវលេខ8 ស្រុកស្វាយអន្ទរ ដោយទទួលបានថវិការរដ្ឋ 1955 លានរៀល សម្រាប់ថែទាំផ្លូវនេះ។ រីឯគម្រោងទី3- គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ទទួលបានគម្រោងថែទាំខួបលើកំណាត់ផ្លូវលេខ8 ស្រុកកំចាយមារ ដោយទទួលបានថវិការរដ្ឋ 1817លានរៀល សម្រាប់ជួសជុល​ និងថែទាំ។ បញ្ហានេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគួរពិនិត្យឡើងវិញខ្លះផង ព្រោះការចំណាយថវិការដ្ឋធ្វើផ្លូវ ឬជួសជុលផ្លូវគឺលោក អ៊ុន សុធា ចាត់ចែងតែម្នាក់ឯងមិនដឹងថាចំណាយអស់ប៉ុន្មានហើយនៅសល់ប៉ុន្មាននោះទេ៕សហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *