ព័ត៌មានស៊ើបអង្កេត

ប្រជាពលរដ្ឋស្នើឲ្យលោក គាត ចន្ទថារឹទ្ទ ពិនិត្យឡើងវិញនៅភាពមិនប្រកក្រតីរបស់ប៉ូលិសអន្តោប្រវេសន៌ច្រកទ្វាអន្តជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ


ថ្មីៗនេះអាជីវករ និងពលរដ្ឋខ្មែរដែលឆ្លងកាត់ដែនចេញចូលប្រទេសសៀម តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលាតត្រដាងអំពើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកនេះ។ ក្នុងនោះមានទាំងការតម្រូវឲ្យអាជីវករ និងពលរដ្ឋខ្មែរបង់សេវាបំពេញបែបបទតាមការនឹកឃើញ ហើយមានការអនុវត្តច្បាប់មិនស្មើភាពគ្នារវាងប្រជាពលរដ្ឋខ្មែរ និងប្រជាជនសៀម ដែលឆ្លងដែនទៅវិញទៅមកតាមច្រកនេះទៀតផង។ ដូច្នេះហើយទើបមានការជំរុញឲ្យលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពិនិត្យឡើងវិញខ្លះផង ជាពិសេសបញ្ហាសណ្តាប់ធ្នាប់នៅចំណុចរង្វង់មូល។

ប្រភពពីប្រជាពលរដ្ឋខ្មែរបានឲ្យដឹងថា ការបោះត្រាលើប័ណ្ណឆ្លងដែនសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍តម្រូវឲ្យបង់លុយ100បាត ស្មើនឹង12000រៀល ហើយការប្រថាប់ត្រាលើកដំបូង ហើយលើកទី2ត្រូវបង់លុយ50បាតឬស្មើនឹង6000រៀល។ ការបង់លុយនេះអាចស្នាក់នៅក្នុងទឹកដីសៀមបាន 2យប់ 3ថ្ងៃ ដែលកាលពីមុនមានសុពលភាពដល់ទៅ1សប្ដាហ៍ឯណោះ ហើយការកំណត់បែបនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង។ ចំណែកប្រជាជនសៀមចូលមកកម្ពុជា គេតម្រូវឲ្យបង់លុយថ្លៃសេវាបំពេញបែបបទ200បាត ហើយអាចស្នាក់នៅក្នុងទឹកដីខ្មែរ2យប់ 3ថ្ងៃ ប៉ុន្តែក្រោយពេលមានការតវ៉ាទៅអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ទើបមានការអនុញ្ញាតឲ្យប្រជាជនសៀម ស្នាក់នៅក្នុងទឹកដីខ្មែរបាន១សប្ដាហ៍។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា សម្រាប់ការចេញចូលឆ្លងកាត់បុស្តិ៍កណ្ដាលអន្តោប្រវេសន៍ត្រង់ចំណុចរង្វង់មូល មានការរឹតបន្តឹងមិនសមទំនងទាល់តែសោះ ដែលបញ្ហានេះលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរពិនិត្យឡើងវិញខ្លះផង។ ជាងនេះទៅទៀតនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរបណ្ដោយឲ្យសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។ ក្នុងនោះ ការបំពេញបែបបទឆ្លងដែនទៅវិញទៅមករវាងពលរដ្ឋខ្មែរនិងពលរដ្ឋសៀមនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរតែមានការអនុវត្តន៍ច្បាប់ស្មើភាពគ្នា ប្រកបដោយតម្លាភាព កុំឲ្យមានភាពមិនប្រក្រតីកើតឡើងតទៅទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *