ព័ត៌មានស៊ើបអង្កេត

មេគយច្រកទ្វារអន្តរជាតិដូងលោក អ៊ុំ ចាន់រតនា និងលោក ផាត់ វិរះ មេអន្តោប្រ វេសន៌សហការគ្នាប្រព្រឹត្តអំពើពុករលួយ ព្រោះអាងមានខ្នងបង្អែករឹងមាំ!


តាមប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិដូង(បានឡែម) ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង នៅតែប្រើតួនាទី និងអំណាច ប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹង។ ឈ្មួញធំៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ព្រោះមានការបើកដៃពីលោក អ៊ុំ ចាន់រតនា និងលោក អ៊ូ ថៃអេង អនុប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ទទួលបន្ទុកពិនិត្យឯកសារ។ លោក អ៊ុំ ចាន់រតនា តែងតែប្រើឈ្មោះលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដើម្បីបិទបាំងទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួល។

ប្រភពស្និទ្ធនឹងលោក អ៊ុំ ចាន់រតនា បានបង្ហើបឲ្យដឹងថា ការដែលអំពើពុករលួយរបស់លោក អ៊ុំ ចាន់រតនា អាចប្រព្រឹត្តទៅយ៉ាងរលូនគឺមានកិច្ចសហការ ពីសំណាក់លោក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង ផងដែរ។ ក្រុមឈ្មួញធំៗនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិដូង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក អ៊ុំ ចាន់រតនា និងលោក ផាត់ វីរៈ ដើម្បីឲ្យមុខរបរពួកគេបានចំណេញច្រើន។ ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វារអន្តរជាតិដូង បង់ពន្ធយ៉ាងច្រើនត្រឹម50ភាគរយ​ ហើយក្រៅពីនេះឈ្មួញបែងចែកជាមួយមន្រ្តីគយ និងសមត្ថកិច្ចពុករលួយ យ៉ាងរៀបរយជាច្រើនឆ្នាំមកហើយ។

មន្រ្តីគយនៅក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា ចាប់តាំងពីលោក យូ​ ហេង ទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីអំឡុងខែមករា ឆ្នាំ2019 រហូតមកដល់ពេលនេះគឺលោក យូ ហេង មិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក អ៊ុំ ចាន់រតនា នោះទេ។ ផ្ទុយទៅវិញលោក យូ ហេង បានក្លាយទៅជាខ្នងបង្អែកដ៏រឹងមាំរបស់លោក អ៊ុំ ចាន់រតនា ហើយបើកដៃឲ្យលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង(បានឡែម) ប្រព្រឹត្តអំពើពុករលួយពេញទំហឹង។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ បើទោះបីរឿងអាស្រូវពុករលួយរបស់លោក យូ ហេង និងលោក អ៊ុំ ចាន់រតនា ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *