ព័ត៌មានស៊ើបអង្កេត

ល្បែងជល់មាន់និងអាប៉ោងនៅតែកើតឡើងពេញទំហឹងនៅក្នុងឃុំថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាម

កំពង់ចាម%តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់ មានគេបើកសង្វៀនបញ្ជល់មាន់ទ្រង់ទ្រាយធំ និងវង់អាប៉ោងដំណើរការយ៉ាងរលូន ដោយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងនោះ មានទីតាំងចូលតាមច្រកផ្សារបុសខ្នុរ ចម្ងាយប្រមាណ1000ម៉ែត្រក្នុងចម្ការស្វាយចន្ទីមួយកន្លែងក្នុងឃុំថ្មពូន ស្រុកព្រៃឈរ ហើយសង្ស័យមេល្បែងស៊ីសងមានខ្នងបង្អែកក្រាស់ ទើបសមត្ថកិច្ចមិនចាត់វិធានការបង្ក្រាប។ នាយប៉ុស្តិ៍នគរបាលឃុំថ្មពូន និងលោក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅទីតាំងសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងនោះមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ព្រោះអ្នកបើកល្បែងហ៊ានធានាសុវត្ថិភាពសម្រាប់អតិថិជនរបស់ខ្លួនកុំឲ្យព្រួយបារម្ភរឿងសមត្ថកិច្ចបង្ក្រាប។ សម្រាប់ការបញ្ជល់មាន់គូពិសេសមានដាក់ដើមថាន់ចាប់ពី500ដុល្លា រហូតដល់3000ដុល្លាឬច្រើនជាងនេះ ហើយល្បែងអាប៉ោងក៏ស៊ីសងលុយច្រើនៗដែរ ធ្វើឲ្យអ្នកបើកល្បែងប្រមូលលុយយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ សម្រាប់ក្រុមអ្នកញៀនល្បែងស៊ីសងមានអ្នកខ្លះចាញ់អស់លុយកាក់ទ្រព្យសម្បត្តិជាបន្តបន្ទាប់ អ្នកខ្លះលង់ខ្លួនចាញ់អស់ទាំងផ្ទះសម្បែងដីធ្លី ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាបល្បែងស៊ីសងនៅឡើយ។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុងឃុំថ្មពូន ស្រុកព្រៃឈរ បានអំពាវនាវឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ដោយហេតុថា ឥឡូវនេះល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាល ហើយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មពូន ព្រមទាំងលោក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ និងអភិបាលស្រុកព្រៃឈរ មិនបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង7ចំណុចនោះឡើយ។ ប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពីហិង្សាក្នុងគ្រួសារនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច៕

adm

Leave a Reply

Your email address will not be published. Required fields are marked *