ព័ត៌មានស៊ើបអង្កេត

លោក មួង តារ៉ា មេគយខេត្តព្រៃវែងប្រើតួនាទីនិងអំណាច មិនញញើតរឿងពុករលួយ

ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់ពេលនេះលោក មួង ដារ៉ា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹងដោយគ្មានញញើតអ្វីទាំងអស់។ តាមការបង្ហើបពីមន្រ្តីគយនៅខេត្តព្រៃវែង បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង មិនញញើតក្នុងរឿងប្រព្រឹត្តអំពើពុករលួយ។ ជាក់ស្ដែងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀុមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក មួង​ ដារ៉ា​ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។

ប្រភពពីមន្រ្តីគយនៅខេត្តព្រៃវែង បានឲ្យដឹងទៀតថា ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ តាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី និងតាមច្រកទ្វារអន្តរជាតិកោះរកា សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក មួង​ ដារ៉ា ដើម្បីឲ្យមុខជំនួញរបស់ពួកគេប្រព្រឹត្តទៅដោយរលូន។ ទំនិញដែលឈ្មួញធំៗទាំងនោះនាំចូលបង់ពន្ធយ៉ាងច្រើនពី45 ទៅ50ភាគរយ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយមេៗគយតាមច្រកព្រំដែន ក៏ដូចជាលោក មួង ដារ៉ា មេគយខេត្តព្រៃវែង។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដោយឲ្យលោក មួង ដារ៉ា ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ។

ប្រភពស្និទ្ធនឹងលោក មួង ដារ៉ា បានឲ្យដឹងថា ក្នុងតំណែងជាប្រធានសាខាគយខេត្តព្រៃវែង រយៈពេល2ឆ្នាំកន្លងទៅនេះលោក មួង ដារ៉ា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយពេញទំហឹងដោយគ្មានខ្លាចក្រែងអ្វីឡើយ។ លោក មួង ដារ៉ា បើកដៃឲ្យមេគយៗតាមច្រកព្រំដែនក្នុងខេត្តព្រៃវែង ធ្វើអ្វីៗតាមអំពើចិត្ត ហើយមេគយធំៗក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក មួង​ ដារ៉ា​ នោះទេ។ ដូច្នេះហើយទើបរយៈពេល2ឆ្នាំកន្លងទៅនេះលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង សាងភាពល្បីល្បាញខាងពុករលួយពេញទំហឹង ព្រោះអាងមានខ្នងបង្អែករឹងមាំ៕សហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *