ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីការបង្ការទប់ស្កាត់នៃជម្ងឺគ្រុនឈាម តាមសហគមន៍ ក្នុងក្រុងព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ ដោយបានកាយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសេសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយនិងមន្ទីរសុខាភិបាលខេត្តបានអញ្ជើញចុះអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍អំពីការបង្កើនការទប់ស្កាត់នៃជំងឺគ្រុនឈាមដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យគាត់យល់ដឹងកាន់តែច្បាស់ អំពីការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមតាមរយៈមូសខ្លាញីនៅក្នុងរដូវធ្លាក់ភ្លៀងនេះ។ 

ថ្លែងនៅក្នុងឱកាសនោះលោក រស់ចាន់ ណាវុឌ្ឍ ប្រធានការិ.កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងគ្រុនឈាមខេត្តព្រៃវែង បានលើកឡើងថា មកដល់ត្រឹមពេលនេះក្នុងឆ្នាំ២០២២ នេះគឺមានអ្នកកើតនៅជំងឺគ្រុនឈាមមានតែ ៥ ករណីតែប៉ុណ្ណោះ ហើយក៏បានព្យាបាលជាសះស្បើយហើយដែរ។  ហើយក្នុងនោះដែល លោកបានលើកឡើងបន្ថែមថា កត្តាដែលកើតនូវជំងឺគ្រុនឈាមគឺមកពីមូសខ្លាញីដែលជាប្រភពនៃការចម្លងជំងឺគ្រុនឈាមដែលធ្វើឱ្យមានកើតនូវជំងឺនេះមកលើមនុស្សគ្រប់វ័យ មិនថា ចាស់ ក្មេងនោះទេ ហើយកត្តាមួយទៀតនោះគឺបណ្ដាលមកពីមានព្រៃច្រើននៅជុំវិញផ្ទះ, ផ្ទះបិទជិតមិនមានពន្លឺចេញចូលល្អ ,មានថ្លុក, សំបកកំប៉ុង ,កង់ឡាន ជាដើមដែលជាកន្លែងជម្រកមូសខ្លា។ រោគសញ្ញាជម្ងឺគ្រុនឈាម មាន ក្ដៅខ្លួនខ្លាំងភ្លាមៗ លើសពី ២៤ម៉ោង និងមានកន្ទួលក្រហមលើស្បែកឬ ឈឺក្បាល និងឈឺខ្លួនប្រាណ។ 

ក្នុងឱកាសនោះដែរលោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានលើកឡើងផងដែរថា ដើម្បីបង្កាទប់ស្កាត់ជំងឺគ្រុនឈាម នៅក្នុងសហគមន៍របស់យើង គឺត្រូវចូលរួមទាំងអស់គ្នា ដោយត្រូវប្រមូលសំបកកំប៉ុងរបស់របរសម្ភារៈដែលអាចដក់ទឹកបានត្រូវកប់ចោល ឬដុតចោលអោយអស់ ត្រូវដាក់ថ្នាំអាបេតនៅក្នុងពាងទឹក ឬដាក់ត្រី ៧ ពណ៌ ដែលជាប្រភពនៃជម្រកមូសខ្លានៅក្នុងពាងទឹក ឬនៅក្នុងសំបកក៏កំប៉ុងនោះ ត្រូវកាប់ឆ្ការព្រៃដែលនៅជុំវិញផ្ទះ បោះសម្អាតឱ្យបានស្អាត និងបើកបង្អួចនៅពេលថ្ងៃឱ្យមានពន្លឺចេញចូលល្អ ដើម្បីកុំឲ្យមានមូសខ្លាខាំ នៅពេលយើងសម្រាកនៅពេលថ្ងៃ និងត្រូវគេងនៅក្នុងមុង ឬកមុងជ្រលក់ថ្នាំអោយបានត្រឹមត្រូវដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម ឬជំងឺផ្សេងៗដែលអាចឆ្លងតាមរយៈមូសផងដែរ។ 

សូមបញ្ជាក់ថា យុទ្ធនាការចុះអប់រំផ្សព្វផ្សាយនេះគឺធ្វើគ្រប់ភូមិទាំងអស់ក្នុងក្រុងព្រៃវែងទាំង៤ សង្កាត់ ស្មើនិង ២៣ ភូមិតែម្តង តាមថ្ងៃបន្តបន្ទាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *