ព័ត៌មានស៊ើបអង្កេត

ម្ចាស់អាត្រាក់ទ័រឈ្មោះ ទេព ចំណាន អាងវរៈសេនីយ៍ទោ ធីម សុគន្ធ នៅពីក្រោយខ្នង ផ្គើនជាមួយបទបញ្ជារ លោក ឃៀម រដ្ឋាអភិបាលរងស្រុកគាស់ក្រឡ(Video inside)

បាត់ដំបង: លោក ទេព ចំណាន ម្ចាស់អាត្រាក់ទ័រ អាងមន្ត្រីយោធា ម្នាក់ឈ្មោះ ធីម សុគន្ធ ដែលពាក់ស័ក្តិ ៤កន្លះ នៅពីក្រោយខ្នង ហ៊ាន ផ្គើនជាមួយ ការណែនាំ របស់ លោក ឃៀម រដ្ឋា អភិបាលរង ស្រុកគាស់ក្រឡ ដែលបានហាមមិន អោយបន្តសកម្មភាពឈួសឆាយ ឬ ដាំដំណាំផ្សេងៗ លើដីស្របច្បាប់របស់ ក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល ខូអិលធីឌី (AGRICULTURE GREEN FIELD Co,Ltd) ។

លោក ឃៀម រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ បានចេញបទបញ្ជា ហាមឃាត់បែបនេះ កាលពីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ  ស្របពេល ដែលលោក អភិបាលរងស្រុករូបនេះ បានដឹកនាំកម្លាំងចម្រុះឃាត់សកម្មភាពឈូសឆាយទន្រ្ទានយកដីដោយខុសច្បាប់ បំពានលើដីស្របច្បាប់របស់ក្រុមអេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល ខូអិលធីឌី (AGRICULTURE GREEN FIELD Co,Ltd)  នៅចំណុច ដេកា ប្លុកតាសេក ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ។

ក្នុងសកម្មភាព របស់លោក ឃៀម រដ្ឋា អភិបាលរងស្រុក គាស់ក្រឡ ដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យព្រំដី របស់ក្រុមអេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល ខូអិលធីឌី (AGRICULTURE GREEN FIELD Co,Ltd)  ស្រាប់តែបានប្រទះឃើញ  បុគ្គលឈ្មោះ ទេព ចំណាន កំពុងតែ ប្រើប្រាស់ អាត្រាក់ទ័រ មួយគ្រឿង ពណ៌ខៀវ ឈួសឆាយ ដី ដើម្បីដាំដំឡូងមី នៅចំណុច ដេកា ប្លុកតាសេក ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់  បន្ទាប់មកលោកអភិបាលរងស្រុក បានពន្យល់ណែនាំ និង ហាមឃាត់ អោយផ្អាក បណ្តោះអាសន្ន ចំពោះសកម្មភាព ឈួសឆាយ លើដីទំនាស់ ដែលមិនទាន់ បានដោះស្រាយ ចប់ ។

ក្នុងនោះ បន្ទាប់ពីលោក ឃៀម រដ្ឋា អភិបាលរងស្រុក ហាមឃាត់ អោយផ្អាកបណ្តោះអាសន្ន លោក ទេព ចំណាន បានយល់ព្រម តាមសំណូមពរ របស់អាជ្ញាធរ  តែលុះដល់ ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២នេះ បែរជាគេសង្កេត ឃើញថា ម្ចាស់អាត្រាក់ទ័រ ឈ្មោះ ទេព ចំណាន បន្តធ្វើសកម្មភាព ឈួសឆាយ ដី និង លើកជារោង ដើម្បីដាំដំឡូង ដដែល ហាក់ដូចជា មិនគោរព ឬ អោយតំលៃ អាជ្ញាធរ បន្តិចសោះឡើយ ។

សូមបញ្ជាក់ថា បន្ទាប់ពី ទទួលដំណឹងថា លោក ទេព ចំណាន កំពុងបន្តសកម្មភាព ឈួសឆាយ ដី លើតំបន់អាជ្ញាធរ ហាមឃាត់ និង ជាដីស្របច្បាប់របស់ក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល ខូអិលធីឌី (AGRICULTURE GREEN FIELD Co,Ltd)   ក្រុមការងារ ដែលទទួលសិទ្ធ ជាតំណាងពីក្រុមហ៊ុន បានចុះទៅដល់មូលដ្ឋានភ្លាមៗ ព្រមទាំង បាន ធ្វើបទសំភាសន៍ ជាមួយ លោក ទេព ចំនិត ត្រូវជាឪពុកលោក ទេព ចំណាន និងបានសួរថា (តើបងបានទទួលដំណឹងទេថា ដីនេះលោកអភិបាលរងស្រុក បានហាមឃាត់និង អោយផ្អាក គ្រប់សកម្មភាពដែលបំពានលើដីទំនាស់មួយនេះ ជាបណ្ដោះអាសន្ន  កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ?  ក្នុងនោះ លោក ទេព ចំណិត បានប្រាប់ថា៖ «ខ្ញុំដឹងហើយកាលពីម្សិលមិញអាជ្ញាធរពិតជា បានហាមនិងអោយផ្អាកបណ្តោះអាសន្ន ចំពោះសកម្មភាពឈួសឆាយ មែន »។

លោក ទេព ចំនិត បានបន្តថា « បន្ទាប់ពីអាជ្ញាធរ ហាមឃាត់ ខ្ញុំបាន ខលទៅអ្នកលក់ដីអោយ បង សុគន្ធ(ធីម សុគន្ធ) ហើយបងសុគន្ធ ប្រាប់ថា ធ្វើបន្តទៀតទៅ កុំខ្វល់ កុំខ្លាច បើមានបញ្ហា ចាំគាត់ដោះស្រាយ » ។

ក្នុងនោះទៀតសោត លោក ឃៀម រដ្ឋា បាន ព្រមាន ចាត់វិធានការ តាមផ្លូវច្បាប់លើអ្នកបើកបរត្រាក់ទ័រ បើសិន មិនផ្អាកសកម្មភាព ឈួសឆាយ ជាបណ្ដោះអាសន្នទេនោះ ។ ដោយលោកបន្ថែមថា  បើនៅតែបំពាន ប្អូនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង» ព្រោះអាជ្ញាធរ បានហាមនិង ពន្យល់ម្តងរួចហើយ ។

សូមបញ្ជាក់ ថា នាពេលកន្លងទៅថ្មីៗ នេះ លោក ឃៀម រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ បានដឹកកម្លាំងចម្រុះ ចុះពិនិត្យព្រំដី របស់ក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល ខូអិលធីឌី (AGRICULTURE GREEN FIELD Co,Ltd) គឺដោយសារ មាន ក្រុមខិលខូចមួយចំនួន បានឃប់ឃិតគ្នា ជាមួយលោក ម៉ម សង មេភូមិគោករកា និងលោក ចិន សំអន មេឃុំដូនបា ដើម្បីពន្លាតវិសាលភាពអំណាចក្នុងមូលដ្ឋាន និងបំពានលើដែនសមត្ថកិច្ចរបស់ឃុំឆ្នាល់មាន់ បានវាយត្រា និង ចុះហត្ថលេខា លើលិខិត ទិញ-លក់ ដី បំពានលើ ដីស្រប់ច្បាប់ របស់ក្រុមហ៊ុន ដោយមិនខ្លាចញញើត និង ច្បាប់សោះឡើយ ។

សូមរំឭកថា យោងតាមឯកសារជាច្រើន ដែល ក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល បានបង្ហាញ និង ប្រគល់ជូន ក្រុមការងារ យើង គឺ ផ្ទៃដី របស់ក្រុមហ៊ុន មាន ទំហំជាង៤ពាន់ហិចតា ដោយបាន ចំណាយប្រាក់ទិញ យ៉ាងច្រើនសន្ធឹកសន្ធាប់  ព្រមទាំង មានឯកសារទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ ពាក់ព័ន្ធ ផងដែរ ។  ប៉ុន្តែក្រោយមក ស្រាប់តែមានជនខិលខូចមួយចំនួន បានញុះញង់ឲ្យពលរដ្ឋចូលកាប់ទន្ទ្រានបំពានលើដីក្រុមហ៊ុនជាបន្តបន្ទាប់ រហូតតុលាការខេត្តបាត់ដំបងចេញដីកាចាត់ចែងរក្សាការពារក៏ដោយ ក៏ក្រុមជនខិលខូចទាំងនេះ នៅតែ បន្តសកម្មភាពយ៉ាងគឃ្លើន បំពាន លើដីការ រក្សាការពារ របស់តុលាការ ដដែល ។

IMG_0314

adm

Leave a Reply

Your email address will not be published. Required fields are marked *