ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន មានសន្តិភាព ទើបធ្វើអោយយើងមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះ


“មានសន្តិភាព ទើបមានការអភិវឌ្ឍន៍”
ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តើមចេញពីនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានបោះជំហានដើរចេញពីប្រទេសអសន្តិសុខស្បៀង ទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងឈានជាជំហានៗទៅជាប្រទេសផលិតស្បៀងលើសពីសេចក្តីត្រូវការនៅឆ្នាំ២០០០ ហើយ ១០ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១០ កម្ពុជាបានក្លាយជាប្រទេសនាំស្បៀងចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមសហការជាមួយភាគីពាក់ព័ន្ធអនុវត្តគោលនយោបាយនេះបានយ៉ាងខ្ជាប់ខ្ជួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាសម្រេចឲ្យបានតាមផែនការដែលបានដាក់ចេញ។ ជាក់ស្តែងសមិទ្ធផលដែលកម្ពុជាសម្រេចបាននៅឆ្នាំ២០២០ កន្លងទៅថ្មីៗនេះគឺអង្ករចំនួនជាង ៦៩០ ០០០តោន និងស្រូវចំនួនជាង ២ ៨០០ ០០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រៅពីនេះ កម្ពុជាបាននិងកំពុងធ្វើការនាំ ចេញកសិផលសំខាន់ៗមួយចំនួនទៀតដូចជាផ្លែស្វាយស្រស់ និងកែច្នៃ ផ្លែចេកស្រស់ គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃ ដំឡូងមីស្រស់ និងក្រៀម មានប៉ៃលិនស្រស់ (តាង៉ែន)។ល។

ក៏ពិតថាយើងទទួលបានសមិទ្ធផលដ៏ល្អប្រសើរយ៉ាងនេះក្តី ក៏ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំផែនការជំរុញកំណើនកសិកម្ម រួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយ:ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងគោលបំណងសំខាន់គឺធ្វើយ៉ាងណា “ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាសធាតុ និរន្តរភាព បង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនវានុវត្តន៍” ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម ព្រមទាំងលើកកម្ពស់ការធ្វើយន្តូបនីយកម្មកសិកម្ម ពិពិធភាវូបនីយកម្មកសិកម្ម និងកសិ-ពាណិជ្ជកម្ម ធ្វើយ៉ាងណាសម្រេចឲ្យបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

មួយក្នុងចំណោមគោលនយោបាយជាអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺការអភិវឌ្ឍយន្តូបនីកម្មកសិកម្ម។ ផ្តើមចេញពីការអនុវត្តគោលនយោបាយនេះ យើងសង្កេត ឃើញថាបច្ចុប្បន្ន គ្រឿងយន្តកសិកម្មបានចូលខ្លួនមកបម្រើឲ្យវិស័យកសិកម្មជំនួសឲ្យកំលាំងពលកម្មមនុស្ស និងសត្វពាហន:ស្ទើរតែទាំងស្រុង ជាពិសេសលើផ្នែកផលិតកម្មដំណាំស្រូវ និង ដំណាំកសិ-ឧស្សាហកម្ម។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម (០៨/មករា/២០២១) បានបង្ហាញថាបច្ចុប្បន្ន កម្ពុជាមានត្រាក់ទ័រចំនួន ៣២ ០៩៤គ្រឿង គោយន្តចំនួន ៤៩៨ ១១៩គ្រឿង និងម៉ាស៊ីនប្រមូលផលស្រូវមានចំនួន ៦ ៧៩៦គ្រឿង ដែលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការរៀបចំដីស្រែ ដីចំការ និងប្រមូលផលស្រូវ ហើយនិងគ្រឿងយន្តបម្រើឲ្យការងារសាកវប្បកម្ម។ ជាក់ស្តែង ផ្ទៃដីភ្ជួររាស់ដោយគ្រឿងយន្តមានចំនួន ៣ ៣៩៦ ០៦០ហ.ត ស្មើនឹង ៩៩,១៤% នៃផ្ទៃដីដែលបានភ្ជួររាស់សរុប ក្នុងនោះផ្ទៃដីស្រែប្រមាណជា ៨៥,៤០% ត្រូវបានប្រមូលផលដោយប្រើម៉ាស៊ីច្រូត។ ទន្ទឹមនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកអនុវត្តបច្ចេកទេសរៀបចំដី និងប្រើប្រាស់គ្រឿងយន្តកសិកម្មឲ្យបានត្រឹមត្រូវសម ស្របតាមបទដ្ឋាន ស្ថានភាពដី និងប្រភេទដំណាំ រៀងរាល់ឆ្នាំ នាយកដ្ឋានវិស្វកម្មកសិកម្មបានចុះធ្វើការបង្ហាញជាក់ស្តែងអំពីការប្រើគ្រឿងយន្ត ជួសជុល និងបានធ្វើការណែនាំអំពីអត្ថប្រយោជន៍សំខាន់ៗជូនដល់កសិករផងដែរ ដូចជាការត្រួតពិនិត្យបច្ចេកទេសនៃការរៀបចំដីអត្ថប្រយោជន៍នៃការរៀបចំដី និងបច្ចេកទេសនៃការគ្រឿងយន្តក្នងការប្រមូលផល។ល។

adm

Leave a Reply

Your email address will not be published. Required fields are marked *