ព័ត៌មានជាតិ

សម្តេចតេជោរំលឹកប្រវត្តិតស៊ូក្នុងការំដោះប្រទេសពីរបបប៉ុលពត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីប្រវត្តិនៃការតស៊ូរបស់សម្តេចក្នុងការចេញតស៊ូជាមួយយុទ្ធមិត្តដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតី ខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រវត្តិតស៊ូរបស់សម្តេចក្នុងការរំដោះប្រទេសពីរបប ប៉ុល ពត ផ្តើមចេញពីសំណួរ២ ដូចជា៖ទី១- បើសម្តេច មិនធ្វើការតស៊ូ តើមានរឿងអ្វីដែលនឹងកើតឡើង? ចម្លើយគឺ សម្តេច នឹងស្លាប់ និងមិនអាចដឹងបាននូវអ្វីដែលកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជានាសម័យនោះបានឡើយ។ ទី២- បើសម្តេចបានធ្វើការតស៊ូរំដោះប្រទេស តើនឹងមានរឿងអ្វីកើតឡើង? ចម្លើយនោះគឺ សម្តេច នឹងរស់រានមានជីវិត ហើយប្រជាពលរដ្ឋកម្ពុជា ក៏បានរស់រានមានជីវិត បានស្តារប្រទេសជាតិពីគំនរផេះផង់ បានបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំប្រទេសជាតិក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចដែលប្រជាជនមានចំណូលមធ្យមកំរិតខ្ពស់ដូចពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការចេញតស៊ូដំបូងរបស់សម្តេច ដែលមានជំរើសចំនួន៤ចំណុច ដូចជា៖ ទី១- គឺការជ្រើសរើសការប្រើប្រាស់កម្លាំងដែលស្មោះត្រង់ជាមួយសម្តេច ប្រមាណ២ពាន់នាក់ តែត្រូវ ពួក ប៉ុល ពត យកទៅសម្លាប់អស់មួយចំនួនទៅហើយ ដូច្នេះកំលាំងនៅសេសសល់ដែលត្រូវតស៊ូ គឺមានចំនួនត្រឹម១៥០០នាក់ប៉ុណ្ណោះ វាយកាន់កាប់នៅតំបន់មេមត់នេះមកវិញ ប៉ុន្តែកងទ័ពរបស់សម្តេច ក៏នឹងត្រូវស្លាប់ក្នុងថ្លុកឈាមទាំងអស់ជាមិនខាន។ ទី២- គឺការភៀសខ្លួនទៅប្រទេសវៀតណាមដើម្បីបានរួចជីវិតដើម្បីរៀបចំការតស៊ូជាថ្មីវិញ។ ទី៣- គឺការមិនធ្វើសកម្មភាពអ្វីទាំងអស់ហើយទុកឱ្យពួក ប៉ុល ពត យកទៅសម្លាប់តែម្តង។ និងទី៤ គឺការធ្វើអត្តឃាតដោយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទីបំផុត សម្តេចបានជ្រើសរើសយកជំរើសទី២ គឹការភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍មកវិញ។ ការជ្រើសរើសបែបនេះគឺដូចគ្នាទៅនឹងការជ្រើសរើសការតស៊ូរបស់សម្តេចព្រះនរោត្តម សីហនុ ក្នុងការតស៊ូប្រយុទ្ធរំដោះប្រទេសពីរបប លន់ នល់ ដោយមានការជួយពីកងទ័ពវៀតណាមដូចគ្នានេះដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *