ព័ត៌មានស៊ើបអង្កេត

ពិតជាខ្លាំងមែនលោក ចេង ស្រុង ដែលមានរឿងអាស្រូវជាបន្តបន្ទាប់នោះនៅតែរក្សាតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានយ៉ាងរឹងមាំដ៍ដែល

ព្រះសីហនុ÷បើតាមប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី មិនទាន់ចាត់វិធានការណាមួយទៅលើលោក ចេង ស្រុង និងមន្រ្តីជំនិតៗដែលល្បីខាងប្រព្រឹត្តអំពើពុករលួយនៅឡើយទេ។ ប្រភពបានឲ្យដឹងទៀតថាលោក ចេង ស្រុង នៅតែរក្សាតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ យ៉ាងរឹងមាំដោយសារមានខ្នងបង្អែកក្រាស់ ហើយពង្រឹងបណ្ដាញពុករលួយខ្លាំងជាងមុនទៅទៀត។ រីឯអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានមិនទាន់បើកការស៊ើបអង្កេតជុំវិញរឿងអាស្រូវពុករលួយរបស់លោក​ ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នោះឡើយ។

ប្រភពស្និទ្ធនឹងលោក ចេង​ ស្រុង បានបង្ហើបឲ្យដឹងថា ករណីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បង្កើតក្រុមការងារស្រាវជ្រាវជុំវិញរឿងលោក ចេង ស្រុង ចេញប័ណ្ណកម្មសិទ្ធិដីធ្លីមានភាពមិនប្រក្រតីនៅស្រុកព្រៃនប់ នាពេលកន្លងមកនោះក្លាយទៅជារឿងឥតន័យ។ ដោយហេតុថារហូតមកដល់ពេលនេះការស្រាវជ្រាវស៊ើបអង្កេតរបស់ក្រុមការងារ មិនឃើញចេញជាលទ្ធផល ហើយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីបានរក្សាភាពស្ងៀមស្ងាត់។ ដូច្នេះហើយទើបលោក ចេង ស្រុង អាចរក្សាតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ យ៉ាងត្រជាក់ចិត្ត ហើយពង្រឹងបណ្ដាញពុករលួយកាន់តែរឹងមាំជាងមុនដោយគ្មានញញើតអ្វីទាំងអស់។

មន្រ្តីនៅក្នុងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឲ្យដឹងថា អំពើពុករលួយរបស់លោក ចេង ស្រុង គឺមានសភាពខ្លាំងក្លាជាងលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ដែលរងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយនោះទៅទៀត។ ប៉ុន្តែដោយសារលោក ចេង ស្រុង មានខ្នងបង្អែករឹងមាំ ទើបថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី មិនចាត់វិធានការ ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏រក្សាភាពស្ងៀមស្ងាត់។ ទោះជាយ៉ាងណារឿងអាស្រូវពុករលួយរបស់លោក ចេង ស្រុង គឺជារឿងមិនអាចបិទបាំងបានទេ ព្រោះបណ្ដាញព័ត៌មាននានាបានចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *