ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្សារកំពង់ពពិលថ្មី ស្រុកពារាំង

ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្សារកំពង់ពពិលថ្មី ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ជាសុមេធី អភិបាលខេត្តព្រៃវែង បានរាយការណ៍អំពីប្រវត្តិ និងស្ថានភាពនៃការកសាង ផ្សារកំពង់ពពិលនេះ ដោយនៅឆ្នាំ១៩៨៧ ដីផ្សារកំពង់ពពិលជាដីរបស់រដ្ឋដែលមានទំហំ ៤០ម៉ែត្រ x ៦០ម៉ែត្រ = ២៤០០ ម៉ែត្រការ តូបធ្វើអំពីស្លឹកត្នោត ដែលមានអាជីវករប្រហែល ១០០នាក់ នៅឆ្នាំ១៩៨៩ មានតូបធ្វើអំពីឈើ ដំបូលក្បឿង ដូចគ្នាទាំងអស់ ដែលប្រហែល១៥០តូប (គ្មានលិខិតកាន់កាប់)
ពី១៩៨៩ – ១៩៩៣ ម្ចាស់តូបកែសម្រួលទិញតូបពីអាជីវករម្នាក់ទៅម្នាក់ ដើម្បីពង្រីកតូប រហូតមកដល់ថ្ងៃនេះ ។

ហើយថ្ងៃទី ០៤ ខែវិច្ជិការ ឆ្នាំ២០២០ ផ្សារនេះត្រូវបានអគ្គីភ័យឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ខូចខាតស្ទើរទាំងស្រុង។ បន្ទាប់ពីមានអគ្គីភ័យឆាបឆេះរួចមក ប្រជាពលរដ្ឋ ដែលជាអាជីវករផ្សារកំពង់ពពិល បានគោរពស្នើសុំ សម្ដេច ក្រឡាហោម ស ខេង ដើម្បីជួយសាងសង់ផ្សារកំពង់ពពិលឡើងវិញ។ បន្ទាប់ពីទទួលបានគោលការណ៍ និងមានការជួយឧបត្ថម្ភ គាំទ្រពីសំណាក់ សម្ដេចក្រឡាហោម រួចមក រដ្ឋបាលខេត្ត បានស្វែងរកអ្នកទទួលការ សាងសង់ផ្សារ ដើម្បីចុះកិច្ចសន្យាសាងសង់ផ្សារនេះជូនប្រជាពលរដ្ឋ អាជីករបានលក់ដូរវិញ។

ផ្សារនេះបានសាងសង់រួចរាល់នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ ដោយប្រើប្រាស់រយៈពេលជាង១៤ខែ ដោយផ្សារនេះបានសាងសង់ពីបេតុង នៅលើទំហំដី៣,៥៤៦ម៉ែត្រក្រឡា (បណ្ដោយ៦២ម៉ែត្រ និងទទឹង៥៧.២ម៉ែត្រ )មានចំនួនពីរជាន់ ជាន់ផ្ទាល់ដីមានទំហំ៣,៣០៦ម៉ែត្រការ៉េ មានតូប សរុបចំនួន២០៥តូប និងជាន់ទីមួយមានទំហំ៣,៥០០ម៉ែត្រការ៉េ មានតូបសរុបចំនួន២០០តូប មានជណ្តើរយន្ត និងមានរៀបចំប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក ជុំវិញផ្សារ និងផ្លូវក្រាលប៉េតុងឆ្ពោះទៅកាន់ផ្លូវជាតិ លេខ៨ ប្រវែង៤២៥ម៉ែត្រ ដែលត្រូវចំណាយទឹកប្រាក់អស់ចំនួន១,៤៧៦,៦៧៤$ (មួយលាន បួនរយចិតសិប ប្រាំមួយពាន់ប្រាំមួយរយចិតសិបបួនដុល្លារអាមេរិក)។

ថ្លែងនៅក្នុងពិធី សម្ពោធ ផ្សារថ្មី នៅឃុំកំពង់ពពិល សម្ដេចបាន ណែនាំដល់មន្ត្រី ទាំងអស់ត្រូវចាត់ទុក ប្រជាពលរដ្ឋ ជាចៅហ្វាយនាយ និងជាស្ដេចជាមេការ ជាអ្នកដែលយើងត្រូវគោរព និងជាអ្នកដែលត្រូវយើងបម្រើ សម្ដេចបានលើកឡើងថា មន្ត្រីត្រូវទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតហើយ មិនត្រូវប្រព្រឹត្ត អំពើពុករលួយ និងត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។

សម្ដេចក្រឡាហោម ក៏បានស្នើដល់គ្រប់គណបក្សនយោបាយទាំងអស់ទាំង ត្រូវធ្វើសកម្មភាព ឲ្យត្រឹមត្រូវ តាមគោលការណ៍ច្បាប់របស់គណៈកម្មការរៀបចំការបោះឆ្នោត។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមត្រៀមឯកសារអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា ដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ទន្ទឹមនឹងនេះ សម្ដេចក៏បាន ឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចជាមួយភាគីពាក់ពន្ធទាំងអស់ខិតខំបំពេញភារកិច្ចបំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងជំហរពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការកែទម្រង់ជាប្រវត្តិសាស្ត្រនូវរចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *