ព័ត៌មានជាតិ

ពិធីប្រគល់ ទទួល ថវិកាវិភាគទាន ដើម្បីអបអរខួបលើកទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២

ព្រៃវែង៖ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានរៀបចំ ពិធីប្រគល់ – ទទួល ថវិកា វិភាគទាន ដើម្បីអបអរខួបលើកទី ១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៏” ដែលវិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត។

លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរាយការណ៍អំពីផែនការសកម្មភាព រយៈពេល ៥ ខែ ឆ្នាំ២០២២មកនេះ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងការថែទាំសុខភាពក្នុងសហគមន៍ សរុបបានចំនួន ២២៧គ្រួសារ  ក្នុងនោះរងគ្រោះដោយសារគ្រោះមហន្តរាយចំនួន ១១០គ្រួសារ មានខ្យល់កន្ត្រាក់បាក់រលំផ្ទះចំនួន ៦៩ខ្នងផ្ទះ, ភ្លើងឆេះផ្ទះ ១២ខ្នងផ្ទះ , គ្រោះថ្នាក់ចរាចរណ៍ ៦នាក់, ស្លាប់ដោយសារជំងឺ ១៦នាក់, លង់ទឹកស្លាប់ ៤នាក់, រន្ទះបាញ់ស្លាប់ ១នាក់, ឧប្បទវហេតុ ២នាក់។

ថែទាំសុខភាពក្នុងសហគមន៍ចំនួន ៩១គ្រួសារ, មានគ្រួសារក្រីក្រ ២៨គ្រួសារ ស្ត្រីមេម៉ាយ៣នាក់ ចាស់ជរាឥតទីពឹង ២២នាក់ អ្នកមានជំងឺ ៨នាក់ ស្រ្តីសម្រាលកូន ១៦នាក់ និងស្ត្រីមានផ្ទៃពោះ១៤នាក់ សាងសង់ផ្ទះបានចំនួន ២៧ខ្នង និងបង្គន់អនាម័យចំនួន ២៤។

ក្នុងឱកាសនោះឯកឧត្តមជាសុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ សកម្មភាពរបស់ក្រុមប្រតិបត្តិសាខា អនុសាខា ទាំងអស់នៅក្នុងខេត្តព្រៃវែងដែលបានអនុវត្តយ៉ាងផុសផុល និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាក្នុងការជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបនូវបញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់គាត់។

ឯកឧត្តម ប្រធានគណៈកម្មាធិការ បានមានប្រសាសន៍បន្តថា ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ចំពោះសប្បុរសជនជិតឆ្ងាយទាំងអស់ដែលបាន ចំណាយនៅថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកជាមួយនិងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីបន្តអនុវត្តការងារមនុស្សធម៌នេះជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលគាត់ជួបនូវគ្រោះអន្តរាយផ្សេងៗបានទាន់ពេលវេលា។ ឯកឧត្តម ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

នៅក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបន្តពង្រឹងភាពធន់សហគមន៍។

សូមបញ្ជាក់ផងដែរថា ថវិកាដែលសប្បុរសជនដែលបានជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីអបអរខួបលើកទី ១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ នេះ សរុបចំនួន ២២៦,២០០,០០០រៀល និងប្រាក់ដុល្លារចំនួន ១៧៦,២៩០ ដុល្លារ ក្នុងនោះដែរអគ្គស្នងការនគរបាលជាតិបានឧបត្ថម្ភថវិកាចំនួន ១៤៩,៨៩០ ដុល្លា សរុបជាប្រាក់ដុល្លាមានចំនួន ២៣២,៨៤០ ដុល្លា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *