ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើនប្រភេទ ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗខាងមុខនេះ!

សៀមរាប÷សួនកែច្នៃមួយកន្លែង ដែលគេឱ្យឈ្មោះថា សួនរុក្ខជាតិអង្គរ ក្នុងនោះមានសួនសត្វព្រៃ វាលស្មៅ សួនផ្កា និងដើមឈើហូបផ្លែជាច្រើនប្រភេទ ត្រូវបានអាជ្ញាធរជាតិអប្សរា គ្រោងនឹងបើកសម្ពោធឱ្យភ្ញៀវចូលទស្សនា ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យមានការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត លើផលិតផលទេសចរណ៍ថ្មី ក្រៅតែពីតំបន់អង្គរ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សួនរុក្ខជាតិអង្គរ ជារមណីយដ្ឋានកែច្នៃ ទំហំជាង ១៥ហិកតា មានទីតាំងក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម មានពូជឈើជាង ៥០០ប្រភេទដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដែលអាចចាត់ទុកថាជាសួនមានលក្ខណ:ពិសេសលើសសួនកំសាន្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើ និងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបប្រវាំងជាដើមនៅក្នុងនោះដែរ។

លោកបន្តថា កាលដើមឡើយសួនរុក្ខជាតិអង្គរនេះ គឺជាសួនគ្រឿងទេស ដែលមានទំហំដីត្រឹមជាង ២ហិកតាប៉ុណ្ណោះ។ នៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា បានរៀបចំពង្រីកសួននេះឱ្យកាន់តែធំមុន ដោយរៀបចំប្រព័ន្ធទឹក ដែលមានប្រភពពីស្ទឹងសៀមរាប ដើម្បីស្រោចស្រពរុក្ខជាតិទាំងនេះ ហើយនៅឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា ក៏បានដាក់បន្ថែមសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយជាដើម នៅក្នុងសួននេះថែមទៀត។ សួនរុក្ខជាតិអង្គរនេះដែរ ត្រូវបានបំផុសគំនិតរៀបចំឡើងឱ្យមានភាពទាក់ទាញខុសប្លែកពីសួនដទៃទៀតជាច្រើន ជាពិសេសគឺមានដាំដើមឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ សម្រាប់ឱ្យកូនខ្មែរ និងអ្នកទេសចរណ៍ជំនាន់ក្រោយៗ បានស្គាល់ និងអាចមកសិក្សាស្រាវជ្រាវទៀតផង។

លោកអគ្គនាយករងបញ្ចាក់ថា សួនរុក្ខជាតិអង្គរនេះ មាន៥ផ្នែក គឺផ្នែកទី១.ជាសួនគ្រឿងទេស និងសួនរុក្ខជាតិឱសថ, ទី២.គឺជាសួនផ្កាស្មៅ និងផ្កាចម្រុះ, ទី៣.ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ចំណែកទី៤.ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទ មានទាំងឈើហូបផ្លែក្នុងប្រទេស និងឈើនាំចូលពីបរទេស, ចំពោះទី៥ វិញគឺសួនព្រៃឈើ និងសត្វព្រៃអង្គរ ដែលសួននេះជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃឱ្យមានផ្លូវដើរមានទឹក ដើម្បីឱ្យកាន់តែមានសម្រស់ និងភាពទាក់ទាញថែមទៀត។

អាជ្ញាធរជាតិអប្សរារំពឹងថា សួនរុក្ខជាតិអង្គរនេះ អាចនឹងផ្ដល់ផលិតផលទេសចរណ៍ថ្មីថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលមកដល់ទឹកដីខេត្តសៀមរាប ឱ្យចាប់អារម្មណ៍ក្នុងការចូលមកកំសាន្ត ដើរលំហែរកាយ ក៏ដូចជាការដើរហាត់ប្រាណបន្ទាប់ពីគេបានទៅទស្សនាតំបន់រមណីយដ្ឋានអង្គររួចហើយនោះ។ បន្ទាប់ពីការបើកសម្ពោធជាផ្លូវការរួចហើយសួនរុក្ខជាតិអង្គរនេះ គ្រោងនឹងបើកឱ្យសាធារណ:ជន បានចេញចូលទស្សនាដោយមិនគិតថ្លៃក្នុងរយ:ពេល ១ខែ បន្ទាប់ពីនោះ គឺអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមលក់សំបុត្រឱ្យភ្ញៀវចូលទស្សនា នៅក្នុងតម្លៃថោកបំផុត ដើម្បីយកកម្រៃមកថែរក្សាសួននេះ។

សម្រាប់អនាគតទៅមុខ គេនៅតែមានគំរោងពង្រីកសួនរុក្ខជាតិអង្គរមួយនេះ ឱ្យបានទំហំធំ រហូតដល់ ១៣០ហិកតា គឺលាតសន្ធឹងផ្ទៃដី រហូតទៅដល់ព្រំប្រទល់កស្សិណទឹកខាងត្បូង នៃប្រាសាទអង្គរវត្ត ដើម្បីព្រលែងសត្វព្រៃឱ្យរស់នៅក្នុងតំបន់សួននោះ បានកាន់តែច្រើនថែមទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *